ដោយៈ ចំណាន
ប្រទេសចិនៈ មន្រ្តីជាន់ខ្ពស់កម្ពុជាបានជួបជាមួយថ្នាក់ដឹកនាំ ទីភ្នាក់ងារចិនសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ ដោយបានពិភាក្សាលើគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៤នៅកម្ពុជា។
គម្រោងអាទិភាពរួមមាន ទី១. គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោ។ ទី២. គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៣ (ត្រពាំរពៅ-វាលរិញ)។ ទី៣. គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណត់ផ្លូវជាតិលេខ៧ ភាគខាងជើង ពីខេត្តក្រចេះទៅត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង និងទី៤. គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ខេត្តព្រះសីហនុ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ គណៈគ្រប់គ្រងជាន់ខ្ពស់ទីភ្នាក់ងារចិន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ (CIDCA)។
ជំនួបនេះបានប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលរបស់ CIDCA ដែលមានការចូលរួមពី គណៈប្រតិភូជាន់ខ្ពស់កម្ពុជារួមមាន លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជំនួបពិភាក្សាការងារនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ ដែលភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលកន្លងមក សំដៅបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា។
ក្នុងកិច្ចសន្ទនា ប្រកបដោយបរិយាកាសយោគយល់ និងការទូតខ្ពស់ ភាគីទាំងពីរបានសម្រេចនូវលទ្ធផលសំខាន់ៗ ជុំវិញបន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្នភាពនៃបរិយាកាស វិនិយោគដ៏មានសក្តានុពល និងភាពអនុគ្រោះដល់ការវិនិយោគពីបរទេសផ្ទាល់នៅកម្ពុជា។
ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងទំនុកចិត្តទៅវិញទៅមកខ្ពស់ ដែលនេះជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងចិន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងប្រកបដោយចីរភាព ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ៕








