ដោយ: សហសេវិក
អន្តរជាតិ: យោងតាមកាសែត Nikkei Asia បានចុះផ្សាយថា កំណើនតម្លៃខុនដូនៅកណ្តាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានថយចុះ ដែលបង្ហាញពីការធ្លាក់ចុះនៃតម្រូវការពីបណ្តាវិនិយោគិន។
នៅក្នុងខែឧសភា តម្លៃខុនដូប្រភេទទី២ ជាមធ្យមដែលមានទំហំ៧០ម៉ែត្រការ៉េនៅក្នុងសង្កាត់ចំនួន៦ នៅកណ្តាលទីក្រុងតូក្យូមានទំហំទឹកប្រាក់ចំនួន១៨៧,៤៨ លានយ៉េន (១,១៦ លានដុល្លារអាមេរិក) ធ្លាក់ចុះ ០,៤% បើធៀបនឹងខែមេសា។
តម្លៃខុនដូនៅតែស្ថិតក្នុងទំហំទឹកប្រាក់ចន្លោះពី ១៨០ លានយ៉េនទៅ ១៩០ លានយ៉េនក្នុងរយៈពេល៦ខែចុងក្រោយនេះ បន្ទាប់ពីបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំមុន។

ក្រុមអ្នកវិភាគលើកឡើងថា អត្រាការប្រាក់ខ្ពស់បានធ្វើឱ្យការវិនិយោគលើអចលនទ្រព្យមិនសូវមានភាពទាក់ទាញ ខណៈការថយចុះនៃកំណើនតម្លៃខុនដូបានកាត់បន្ថយប្រាក់ចំណេញពីការលក់ចេញវិញ(resale)។
កាលពីឆ្នាំមុន អាជ្ញាធរសង្កាត់ Chiyoda ក៏បានដាក់ចេញវិធានការ ដើម្បីទប់ស្កាត់ការលក់ចេញខុនដូដែលទើបសាងសង់ថ្មីយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះ យូនីតខុនដូកាន់តែច្រើនកំពុងត្រូវបានចុះបញ្ជីសម្រាប់លក់ ជាពិសេសនៅតំបន់ Minato និងតំបន់ Chuo ជាទីតាំងដែលសកម្មភាពនៃការវិនិយោគ និងអ្នកទិញបរទេសមានភាពរឹងមាំកន្លងមក៕ប្រភព: Nikkei Asia៕







