ដោយ: សហសេវិក
អន្តរជាតិ: លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ រកបានប្រាក់យ៉ាងហោចណាស់ ២៦ លានដុល្លារអាមេរិកពីការវិនិយោគគម្រោងអចលនទ្រព្យថ្មីៗនៅបរទេស ដែលបង្ហាញថាទ្រព្យសម្បត្តិរបស់លោកបានបន្តកើនឡើង។
យោងតាមឯកសារបង្ហាញព័ត៌មានហិរញ្ញវត្ថុបានឱ្យដឹងថា ប្រាក់ចំណូលមានប្រភពមកពីគម្រោងរបស់ក្រុមហ៊ុន Trump Organization នៅក្នុងប្រទេសនានា រួមមានប្រទេសរ៉ូម៉ានី អេមីរ៉ាតអារ៉ាប់រួម និងឥណ្ឌា។
ក្រុមហ៊ុននេះបានផ្តល់អាជ្ញាប័ណ្ណសម្រាប់ការអភិវឌ្ឍនៅទីក្រុង Bucharest ទីក្រុង Doha និងទីក្រុង Abu Dhabi ខណៈដែលគម្រោងមុនៗនៅក្នុងទីក្រុងនានារបស់ប្រទេសឥណ្ឌាដូចជា Gurugram ទីក្រុង Noida និងទីក្រុង Pune ក៏បានបង្កើតប្រាក់ចំណូលផងដែរ។

កាលពីអាណត្តិដំបូងរបស់លោក ត្រាំ ក្រុមហ៊ុន Trump Organization បានជៀសវាងការចាប់ផ្តើមគម្រោងថ្មីៗនៅក្រៅប្រទេស ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីជម្លោះផលប្រយោជន៍ដែលអាចកើតមាន។
ក្រុមហ៊ុនបានផ្លាស់ប្តូរគោលនយោបាយនោះក្នុងអំឡុងអាណត្តិទីពីររបស់លោក ត្រាំ។ ជាមួយគ្នានេះ សេតវិមាន និងក្រុមហ៊ុន Trump Organization បានអះអាងថា ពុំមានជម្លោះផលប្រយោជន៍ទេ។
ឯកសារខាងលើក៏បានបង្ហាញផងដែរថា រូបិយប័ណ្ណឌីជីថល ជាប្រភពចំណូលធំបំផុតរបស់លោក ត្រាំ ក្នុងឆ្នាំ២០២៥។ លោកត្រូវបានរាយការណ៍ថា រកបានប្រាក់យ៉ាងហោចណាស់១,៤ពាន់លានដុល្លារអាមេរិក៕








