CEMEA រៀបចំកម្មវិធីបណ្តុះបណ្តាលនិងចែករំលែកលើការផ្សារភ្ជាប់អាជីវកម្មជាមួយសាព័ត៌មាន និងអចលនទ្រព្យ

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA​) សហការជាមួយក្រុមហ៊ុនINVA Real Estate បាននិងកំពុងត្រៀមរៀបចំកម្មវិធីបណ្តុះបណ្តាល និងចែករំលែកការផ្សារភ្ជាប់រវាងម្ចាស់អាជីវកម្ម ជាមួយនឹងសារព័ត៌មានក្នុងយុគសម័យAI និងស្ថានភាពអចលនទ្រព្យកម្ពុជា។

កម្មវិធីនេះនឹងប្រារពធ្វើនៅថ្ងៃទី៤ កក្កដា ឆ្នាំ២០២៦ នៅទីតាំងThe Factory Phnom Penh ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចក្រអង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកយិន លាងគង់ប្រធានសមាគមCEMEA បានមានប្រសា​សន៍ឲ្យដឹងកាលពីថ្ងៃទី២ កក្កដា ថា ស្របពេលបរិបទនៃការរីកចម្រើនបច្ចេកវិទ្យា និងបញ្ហាក្នុងអាជីវកម្មេះជាច្រើន យើងចង់យកឱកាសនេះ ដើម្បីចែករំលែក និងបំផុសគំនិតរួមគ្នា ដើម្បីម្ចាស់អាជីវកម្មអាចយល់ពីវិធីធ្វើការងារជាមួយអ្នកសារព័ត៌មាន និងប្រើប្រាស់បច្ចេកវិទ្យាAI ពិសេ​ស​នឹងមានការចែករំលែកពីព័ត៌មាន និងស្ថានភាពទីផ្សារអចលនវត្ថុនៅកម្ពុជាផងដែរ។

លោកបញ្ជាក់ថា “ព័ត៌មានអចលនទ្រព្យថ្មីៗជាច្រើន ទាក់ទងនឹងស្ថានភាពទីផ្សារអចលនវត្ថុនៅពេលបច្ចុប្បន្ន នឹងមានការចែករំលែក និងការបំផុសគំនិតរួមគ្នាក្នុងកម្មវិធីនេះ”។ លោកបន្ថែមថា “ការជ្រាបច្បាស់ពីព័៏ត៌មានមានសារៈសំខាន់ណាស់ ដើម្បីប្រើប្រាស់ជាមួលដ្ឋានក្នុងការសម្រេចចិត្តលើការលក់ និងការវិនិយោគក្នុងវិស៧យនេះ”។

លោកយិន លាងគង់ប្រធានសមាគមCEMEA
លោកយិន លាងគង់ប្រធានសមាគមCEMEA

ជាមួយគ្នានេះ លោកចេង វុទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យINVAបានមានប្រសាសន៍ថា ក្នុងបរិបទដែលសេដ្ឋកិច្ច និងទីផ្សារអច​លនទ្រព្យកំពុងប្រឈមនឹងការប្រែប្រួល ការប្រើប្រាស់បច្ចេកវិទ្យាAI បានក្លាយជាឧបករណ៍ ដ៏សំខាន់សម្រាប់អ្នកជំនាញ និងអ្នកវិនិយោគក្នុងការសម្រេចចិត្តប្រកបដោយទិន្នន័យ។

លោកបញ្ជាក់ថា អ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន ទី១ ស្វែងយល់ពីការប្រើប្រាស់AI ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងវិស័យអចលនទ្រព្យ។ ទី២ រៀនវិភាគទិន្នន័យទីផ្សារ និងនិន្នាការតម្លៃអចលនទ្រព្យដោយមានការគាំទ្រពីAI។ទី៣ ស្គាល់វិធីស្វែងរកឱកាសវិនិយោគថ្មីៗ ទោះបីស្ថិតក្នុងស្ថានភាពទីផ្សារមានភាពមិនច្បាស់លាស់ក៏ដោយ។

ទី៤ អភិវឌ្ឍជំនាញក្នុងការវាយតម្លៃហានិភ័យ និងធ្វើការសម្រេចចិត្តវិនិយោគកាន់តែមានប្រសិទ្ធភាព។ ទី៥ រៀនយុទ្ធសាស្ត្របង្កើតអត្ថប្រយោជន៍ប្រកួតប្រជែងដោយប្រើAI ក្នុងការធ្វើទីផ្សារ ការលក់ និងការផ្តល់សេវាកម្មអតិថិជន។

លោកចេង វុទ្ធីបានបន្តទៀតថា អ្នកចូលរួមកម្មវិធីនេះ ក៏នឹងទទួលបានចំណេះដឹង អំពីការរៀបចំផែនការវិនិយោគរយៈពេលខ្លី និងរយៈពេលវែង ដើម្បីឆ្លើយតបនឹងការប្រែប្រួលនៃទីផ្សារ។ ផ្លាស់ប្តូរបទពិសោធន៍ និងបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ និងអ្នកវិនិយោគផ្សេងៗ។

វាគ្មិនចំណានៗនឹងចូលរួមក្នុងកម្មវិធីនេះ រួមមាន ទី១ លោកបណ្ឌិតតេង រិទ្ធី អគ្គនាយកគំរោងVictoria Park នៅក្នុងខេត្តកណ្តាល និងគំរោងHeritage Park ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប និងជាអ្នកអភិវឌ្ឍន៍ដែលមានបទពិសោធន៍ រយៈពេល២០ឆ្នាំក្នុងវិស័យនេះ។ ទី២ លោកយិន លាងគង់ អ្នកវិភាគស្ថានភាពសេដ្ឋកិច្ច អចលនទ្រព្យ និងជាអ្នកដឹកនាំស្ថាប័នសារព័ត៌មានសេដ្ឋកិច្ច និងអចលនទ្រព្យឈានមុខគេ Propertyarea.asia។

ទី៣ លោកចេង វុទ្ធីអគ្គនាយកក្រុមហ៊ុនINVA Real Estate ដែលមានបទពិសោធន៍ដឹកនាំក្រុមភ្នាក់ងាររទិញ លក់ ក្​នុងវិស័យនេះរយៈពេលជិត២០ឆ្នាំ ទី៤ លោកKARL DIEDERICH អ្នកអភិវឌ្ឍន៍មុខជំនួញនៃក្រុមហ៊ុនThe Factory Phnom Penh ទី៥ លោកអ៊ិន មានអ្នកជំនាញAI និងKH Coin រយៈពេលជាង២០ឆ្នាំនៅកម្ពុជា និងអន្តរជាតិ ទី៦ លោកកៃ គឹមសុង អតីតនិពន្ធនាយកសារព័ត៌មានភ្នំពេញប៉ុស្ត៍ និងបច្ចុប្បន្នជាចាងហ្វាងសារព័ត៌មានAmazadia និងទី៧ លោកអាន ច័ន្ទថ្លា អតីតអ្នកវិភាគព័ត៌មានសេដ្ឋកិច្ច ប្រចាំទូរទស្ស​ន៍​CNC/​CTN និងបច្ចុប្បន្នជាចាងហ្វាងសារព័ត៌មានអនឡាញCEN។

លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងទៀតថា កម្មវិធីពិសេសរយៈពេល១ថ្ងៃពេញនេះ នឹងផ្តល់ជូនលោក អ្នកនូវចំណេះដឹង ព័ត៌មានថ្មីៗ និងទស្សទាននៃការអភិវឌ្ឍក្នុងបរិបទថ្មីនៅកម្ពុជា។

កម្មវិធីនេះក៏មានការសហការឧបត្ថម្ភពីក្រុមហ៊ុនINVA Real Estate ក្រុមហ៊ុនVictoria Park និងការគាំទ្រពីគំរោងThe Factory Phnom Penh៕


ចែករំលែក