ដោយៈ ចំណាន
ភ្នំពេញៈ ស្របពេលទីផ្សារស្ថិតនៅមិនច្បាស់លាស់ និងភាពប្រកួតប្រជែងកើនឡើង អ្នកជំនាញអន្តរជាតិបានចង្អុលបង្ហាញនូវទស្សនទាននៃការអភិវឌ្ឍបែបថ្មីមួយនៅកម្ពុជា។
លោកKarl Diederich ប្រធានផ្នែកអភិវឌ្ឍន៍នៃគំរោង Urban Hub & Factory Phnom Penh បានមានប្រសាសន៍ឲ្យដឹងកាលពី សប្តាហ៍មុន ក្នុងកម្មវិធីដែលរៀបចំដោយ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាថា កម្ពុជាមានការអភិវឌ្ឍយ៉ាងលឿនលើវិស័យអចលនទ្រព្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកបញ្ជាក់ថា “ទីផ្សារនៅតែមានឱកាសរីកចម្រើន ប៉ុន្តែក្នុងស្ថានភាពបែបនេះ អ្នកអភិវឌ្ឍន៍គួរផ្តោត លើគំរោងប្រើប្រាស់ចម្រុះ ដែលអាចមានខុនដូ ផ្សារទំនើប ហាងកាហ្វេ ការិយាល័យជាដើម”។ លោកបន្តថា “ការផ្តល់បរិយាកាសរស់នៅបែបសហគមន៍ មានភាពទាក់ទាញការរស់នៅ និងការវិនិយោគ”។
លោកKarl Diederichបានបន្តថា កម្ពុជាមិនអាចធៀបជាមួយប្រទេសក្នុងតំបន់បានទេ បើធៀបនឹងល្បឿននៃការអភិវឌ្ឍ និងទំហំសេដ្ឋកិច្ចជាមួយវៀតណាម ឬប្រទេសថៃ ប៉ុន្តែរយៈពេល២ទសវត្សរ៍មកនេះ វិស័យសេដ្ឋកិច្ចកម្ពុជាបានរីកចម្រើនយ៉ាងលឿន ពិសេសវិស័យសំណង់ និងអចលនទ្រព្យ ដែលផ្តល់នូវមូលធនយ៉ាងច្រើនដើម្បីអភិវឌ្ឈជាតិ។
លោកបន្តថា “អ្វីដែលគួរនិយាយនាពេលនេះ មិនគួរផ្តោតលើអ្វីដែលជាការផ្គត់ផ្គង់លើសតម្រូវការទេ តែគួរផ្តោតលើយុទ្ធសាស្រ្តធ្វើបែបណាឲ្យទីផ្សារកាន់តែមានភាពទាក់ទាញ”៕







