សម្ពាធ​អត្រា​ការប្រាក់​ ជំរុញ​ឱ្យ​តម្លៃអាផាតមិន​នៅ​គម្រោង​មួយ​ចំនួន​ក្នុង​ប្រទេសវៀតណាម​ថយចុះ​ ៥ភាគរយ

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: សម្ពាធអត្រាការប្រាក់បានធ្វើឱ្យសាច់ប្រាក់ងាយស្រួលនៅក្នុងទីផ្សារអចលនទ្រព្យវៀតណាមថយចុះ ហើយតម្លៃអាផាតមុិននៅក្នុងគម្រោងមួយចំនួនបានថយចុះប្រហែល៥ភាគរយក្នុងត្រីមាសទី២ បើប្រៀបធៀបទៅនឹងត្រីមាសមុន។

កម្រិតទូទៅនៃអត្រាការប្រាក់បានបន្តកើនឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសទីពីរ ស្របពេលអត្រាការប្រាក់លើប្រាក់បញ្ញើនៅធនាគារបានកើនឡើងចន្លោះពី១ទៅ១,៥ភាគរយភាគរយបើប្រៀបធៀបទៅនឹងត្រីមាសមុន។

ជាមួយគ្នានេះ អត្រាការប្រាក់លើប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យបច្ចុប្បន្នមានកម្រិតចាប់ពី១៣ទៅ១៤ភាគរយ ក្នុងមួយឆ្នាំ ដែលកើនឡើងប្រហែល ២ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា។

គម្រោង​ដែល​ទើប​បើក​ថ្មីៗ​មួយ​ចំនួន​ដូចជា គម្រោង Masterise Lumiere Hanoi គម្រោង Vinhomes Ha Long Xanh និងគម្រោង Vinhomes Green Paradise (Can Gio) បាន​អនុវត្ត​គោលនយោបាយ​អត្រា​ការប្រាក់​ថេរចន្លោះ​ពី៧ទៅ៨ភាគរយ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដំបូង ដើម្បី​គាំទ្រ​អ្នកទិញ។

ទោះជាយ៉ាងណា លំហូរសាច់ប្រាក់ងាយស្រួលនៅតែមិនទាន់មានភាពវិជ្ជមាននៅឡើយ ខណៈវិនិយោគិនមានការព្រួយបារម្ភថា កម្រិតអត្រាការប្រាក់នឹងនៅតែខ្ពស់ក្នុងរយៈពេលយូរ។

លើសពីនេះ បណ្តាអ្នកអភិវឌ្ឍន៍កំពុងមានការប្រុងប្រយ័ត្នជាងមុនក្នុងការអនុវត្តគម្រោងថ្មីៗ។ បណ្តាអ្នកអភិវឌ្ឍន៍ខ្នាតមធ្យមជាច្រើនកំពុងងាកទៅអភិវឌ្ឍគម្រោងអាផាតមុិន ដើម្បីបំពេញតម្រូវការលំនៅឋានពិតប្រាកដជំនួសឱ្យការបង្កើតតំបន់ទីក្រុងធំៗ៕


ចែករំលែក