ភ្នំពេញ៖ ជាងមួយទសវត្សរ៍ចុងក្រោយនេះ ការប្រើប្រាស់ឥណទានធនាគារ ដើម្បីទិញផ្ទះ ឬអចលនទ្រព្យនានា បានក្លាយជារឿងសាមញ្ញ ដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែច្រើនអាចមានលទ្ឋភាពទិញផ្ទះរស់នៅសមរម្យ និងបានធ្វើឲ្យស្តង់ដានៃការរស់នៅកាន់តែប្រសើរទ្បើង។
តើធនាគារតម្រូវឲ្យអតិថិជនមានឯកសារ និងលក្ខខ័ណ្ឌអ្វីខ្លះទើបអាចទទួលបានទំនុកចិត្តពីធនាគារនៅកម្ពុជា? លោកស្រី សោភ័ណ ណារី អនុប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាបានថ្លែងថា អ្នកដែលអាចទទួលបានឥណទានពីធនាគារ ទិញលំនៅដ្ឋានត្រូវមានលក្ខខ័ណ្ឌមួយចំនួន ដូចជា ទី១ ជាប្រជាពលរដ្ឋដែលមានសមត្ថភាព និងអត្តចរិកល្អ ទី២ ជាប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទៀតទាត់ ទោះជាមន្ត្រីរាជការ អ្នកជំនួញ ឬអ្នកបំរើការងារក្នុងវិស័យឯកជនក្តី ទី៣ ជាអតិថិជនត្រូវមានលិខិតបញ្ជាក់ពីនិរន្តរភាពការងារ ប្រាក់ខែច្បាស់លាស់ ដែលអាចសងប្រាក់មកធនាគារបានទៀងទាត់។

-->
ទី៤ ប្រសិនជាខ្ចីឥណទានសាងសង់ផ្ទះ អតិថិជនត្រូវតែមានដីស្របច្បាប់ និងជាលំនៅដ្ឋានស្របច្បាប់ (ប្រសិនទិញលំនៅដ្ឋាន) ទី៥ ទិញលំនៅដ្ឋានសម្រាប់រស់នៅ មិនមែនទិញសម្រាប់វិនិយោគ ឬទុកចោលទេ ទី៦ ត្រូវមានអត្តសញ្ញាណប័ណ្ណឬសៀវភៅគ្រួសារ ឬលិខិតបទដ្ឋានផ្សេងៗដែលអាចជំនួសបាន ទី៧ ត្រូវមានលិខិតបញ្ជាក់ពីការបង់តំលៃទឹក និងអគ្គិសនី ទី៧ ប្រសិនជាអតិថិជនជាម្ចាស់ក្រុមហ៊ុន ពួកគាត់ត្រូវមានប័ណ្ណប៉ាតង់ មានវិញ្ញាបនបត្រចុះបញ្ជីរនៅក្រសួងពាណិជ្ជកម្ម និងលិខិតចុះបញ្ជីរផលិតផលជាដើម។
តើអតិថិជនអាចទទួលបានឥណទាននៅទីណា និងយ៉ាងដូចម្តេច?លោកស្រី សោភ័ណ ណារីបានថ្លែងថា អតិថិជនអាចទទួលបានឥណទាន៧០ភាគរយនៃតំលៃលំនៅដ្ឋានសរុបរបស់ពួកគេ ពោលគឺអតិថិជនត្រូវមានប្រាក់៣០ភាគរយ នៃតំលៃលំនៅដ្ឋានរបស់ខ្លួន ហើយអតិថិជនអាចទទួលយកឥណទាននៅគ្រប់សាខាធនាគារអេស៊ីលីដា ដែលមាននៅគ្រប់រាជធានី ខេត្តទាំង២៥ទូទាំងប្រទេស។

ចំណែកការរត់ការឯកសារជាមួយអាជ្ញាធរមូលដ្ឋាន អតិថិជនអាចរត់ឯកសារដោយខ្លួនឯង ប៉ុន្តែអាចមានជំនួយពីបុគ្គលិកធនាគារ ប្រសិនជាអតិថិជនស្នើសុំឲ្យជួយ ព្រោះបុគ្គលិកអេស៊ីលីដាជាអ្នកបានធ្វើការជិតស្និទ្ឋ និងដឹងពីនិតិវិធីដែលត្រូវធ្វើជាមួយអាជ្ញាធរមូលដ្ឋាន។
រីឯទំហំឥណទាន គឺអាស្រ័យលើតំលៃលំនៅដ្ឋានដែលអតិថិជនបានទិញ និងមានរយៈពេលសងត្រលប់១០ឆ្នាំ។ចំនែកអត្រាការប្រាក់ស្ថិតក្នុងរង្វង់ចាប់ពី១១.៥០ដល់១២ភាគរយក្នុងមួយឆ្នាំ៕