ខេត្តព្រះសីហនុស្វាគមន៍គំរោងវិនិយោគថ្មីចំនូន២បន្ថែមទៀត

ចែករំលែក

ដោយៈ ចំណាន

    ព្រះសីហនុៈ  អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំង ដើម្បីចុះបញ្ជីជាគម្រោងQIP ចំនួន២នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគ បង្កើតរោងចក្រផលិតក្តារបន្ទះ និងរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងនៅក្នុងឃុំសាមគ្គី និងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងនាមជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត លោកអភិបាលរងបានស្វែងយល់លម្អិត និងដោះស្រាយបញ្ហាប្រឈមដែលវិនិយោគិនបានជួបប្រទះ និងបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធខិតខំធ្វើយ៉ាងណា បង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដោយរក្សាទំនាក់ទំនងល្អ សម្របសម្រួលនីតិវិធី និងផ្តល់ការប្រឹក្សាជាប្រចាំ។

ជាមួយគ្នានឹងការជំរុញឱ្យក្រុមហ៊ុនទាំង២ ព្យាយាមអូសទាញអ្នកវិនិយោគិនដទៃ ឱ្យងាកមកបណ្តាក់ទុននៅខេត្តព្រះសីហនុ លោកអភិបាលរងក៏បានសំណូមពរឱ្យក្រុមហ៊ុនទាំង២ ផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងត្រូវភ្ជាប់សេវាប.ស.ស.ជូនបុគ្គលិក​ និងកម្មករឱ្យបានត្រឹមត្រូវ។ គិតគួរឱ្យបានគត់មត់ចំពោះបញ្ហាបរិស្ថាន និងសង្គមដែលអាចមានកើតឡើង។

ត្រូវមានផែនការការពារក្នុងករណីមានឧបទ្ទវហេតុណាមួយ រៀប​ចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍ បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំងផងដែរ៕


ចែករំលែក