វិស័យ​បច្ចេកវិទ្យា​ AI ​រំពឹង​ជំរុញ​សេដ្ឋកិច្ច​ និង​បង្កើន​តម្រូវ​ការ​អចលនទ្រព្យ​ពាណិជ្ជកម្ម​នៅ​ទូទាំង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការសិក្សាចុងក្រោយមួយដោយក្រុមហ៊ុន Cushman & Wakefield បានឱ្យដឹងថា បញ្ញាសិប្បនិម្មិត (AI) នឹងជំរុញការពង្រីកសេដ្ឋកិច្ច និងបង្កើនតម្រូវការអចលនទ្រព្យពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC)។

ការសិក្សាបានកត់សម្គាល់ថា បញ្ញាសិប្បនិម្មិត (AI) នឹងដើរតួជាកម្លាំងវិជ្ជមានសម្រាប់ទាំងកំណើនសេដ្ឋកិច្ច និងតម្រូវការអចលនទ្រព្យ ខណៈតំបន់នេះពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលសកលសម្រាប់ផលិតកម្ម សេវាកម្ម និងនវានុវត្តន៍។

លោក Dominic Brown ប្រធានផ្នែកស្រាវជ្រាវអន្តរជាតិ អាស៊ីប៉ាស៊ីហ្វិក និង EMEA នៃក្រុមហ៊ុន Cushman & Wakefield បានអះអាងថា ការវិភាគរបស់យើងបង្ហាញថា បញ្ញាសិប្បនិម្មិត (AI) ពង្រីកសកម្មភាពសេដ្ឋកិច្ច ហើយការណ៍នេះនឹងជំរុញឱ្យមានតម្រូវការអចលនទ្រព្យកាន់តែច្រើន។

សេដ្ឋកិច្ចរបស់តំបន់​អាស៊ីប៉ាស៊ីហ្វិក​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង​ប្រហែល៣ភាគរយទៅ៤ភាគរយជារៀងរាល់ឆ្នាំ​រហូតដល់​ឆ្នាំ២០៣០ ​ដោយ​សារការកើនឡើង​នៃផលិតភាព​ដែល​ជំរុញ​ដោយ​បញ្ញា​សិប្បនិម្មិត (AI) និង​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​មជ្ឈមណ្ឌល​ទិន្នន័យ និង​ថាមពល។

បញ្ញាសិប្បនិម្មិត (AI) ត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយជំនួសប្រជាជនវ័យចំណាស់នៅក្នុងប្រទេសអភិវឌ្ឍន៍ និងជំរុញផលិតភាពនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។

បញ្ញាសិប្បនិម្មិត (AI) ត្រូវបានគេរំពឹងថានឹងបង្កើនតម្រូវការអចលនទ្រព្យពាណិជ្ជកម្មខណៈកំណើនសេដ្ឋកិច្ចកាន់តែរឹងមាំ និងការបង្កើតអាជីវកម្មថ្មីជំរុញឱ្យមានតម្រូវការការិយាល័យ និងឧស្សាហកម្មកាន់តែខ្ពស់។

ទីផ្សារអចលនទ្រព្យផ្នែកភស្តុភារ និង​ឧស្សាហកម្ម​ត្រូវបានគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំងពីបញ្ញាសិប្បនិម្មិត (AI) ដែលជំរុញដោយស្វ័យប្រវត្តិកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក និងខ្សែសង្វាក់ផ្គត់ផ្គង់៕


ចែករំលែក