ដោយ: សហសេវិក
អន្តរជាតិ: ការលក់ផ្ទះនៅប្រទេសសិង្ហបុរីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងពីរឆ្នាំនៅក្នុងខែមិថុនា ដោយសារបណ្តាអ្នកអភិវឌ្ឍន៍បានចៀសវាងការដាក់ឱ្យដំណើរការគម្រោងលំនៅឋានថ្មីក្នុងអំឡុងពេលវិស្សមកាលសាលា ជាពេលដែលអ្នកទិញជាច្រើនធ្វើដំណើរ។
យោងតាមតួលេខរបស់រដ្ឋាភិបាលសិង្ហបុរីបានឱ្យដឹងថា បណ្តាអ្នកអភិវឌ្ឍន៍បានលក់លំនៅឋានថ្មីចំនួន១៥៦យូនីត កាលពីខែមិថុនា។ ចំនួននេះមានការធ្លាក់ចុះបើធៀបទៅនឹងលំនៅឋានចំនូន៤៤៧យូនីត ដែលបានលក់ចេញនៅក្នុងខែឧសភា និង២៧២យូនីត ក្នុងខែមិថុនា ឆ្នាំមុន។
ការលក់ផ្ទះថ្មីនៅក្នុងទីក្រុងសិង្ហបុរីអាស្រ័យលើចំនួនគម្រោង ដែលបណ្តាអ្នកអភិវឌ្ឍន៍ជ្រើសរើសនាំយកមកលក់នៅលើទីផ្សារ។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យសិង្ហបុរីគ្រោងនឹងបន្តការដាក់ឱ្យដំណើរការគម្រោងថ្មីនៅខែកក្កដានេះ ដែលអាចជំរុញឱ្យការលក់លំនៅឋានកើនឡើងវិញនាពេលខាងមុខ។
កំណើននៃទីផ្សារលំនៅឋានរបស់ប្រទេសសិង្ហបុរីបានបង្ហាញសញ្ញានៃការថយចុះ។ យោងតាមការប៉ាន់ប្រមាណបឋមដោយរដ្ឋាភិបាលសិង្ហបុរីបង្ហាញថា តម្លៃលំនៅឋានបានកើនឡើង០,៥ភាគរយនៅត្រីមាសទីពីរ ដោយថយចុះពីកំណើន០,៩ភាគរយក្នុងត្រីមាសទី១៕







