ដោយៈ ចំណាន
ភ្នំពេញៈ ប្រតិភូនៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា ក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងការវិនិយោគនៅក្នុងតំបន់។
ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូ គ.វ.ក. បំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា ក្នុងគោលបំណងដើម្បីពិនិត្យមើលពីវឌ្ឍនភាព នៃការអភិវឌ្ឍ និងបានពិនិត្យខ្សែច្រវាក់ផលិតកម្ម របស់រោងចក្រផលិតសំបកកង់រថយន្ត របស់ក្រុមហ៊ុន ZODO TIRE (CAMBODIA) CO., LTD. និងរោងចក្រផលិតហ្រ្វាំងស្ងួត (BRAKE DRUM) ធ្វើពីលោហៈធាតុរបស់ក្រុមហ៊ុន HAIZHIGUAN (CAMBODIA) INDUSTRIAL CO., LTD.។
ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយក្រៃលែងពីសំណាក់ អ្នកអភិវឌ្ឍន៍តំបន់ទាំងពីរ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីដែលជាតំណាងក្រសួង-ស្ថាប័ននានា ប្រចាំនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស។
លោកអគ្គលេខាធិការ បានលើកពីសាវតានៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យទីវាល និងវាលស្រែដ៏ធំធេង បានប្រែក្លាយមកជាតំបន់សេដ្ឋកិច្ចពិសេស និងបានស្រូបទាញ នូវគម្រោងវិនិយោគជាច្រើន ហើយមកដល់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយស្វាហាប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់តាមដាន ដោយផ្ទាល់ជាប់ជាប្រចាំ និងជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។
បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេស មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានកើនដល់ចំនួន៦៥តំបន់ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ចំនួន៣៩កំពុងដំណើរការយ៉ាងសកម្ម និងបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបជាង២៥ម៉ឺននាក់ ហើយមានតម្រូវការជាង ៣៥ពាន់នាក់បន្ថែមទៀតផងដែរ។

តំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស បាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗជាពិសេសឧស្សាហកម្មផលិតសំបកកង់រថយន្ត ឧស្សាហកម្មផ្គុំនិងដំឡើងយានយន្ត ឧស្សាហកម្មដំឡើងកង់ ឧស្សាហកម្មផលិតសម្ភារៈអេឡិកត្រូនិចគ្រប់ប្រភេទ ឧស្សាហកម្មផលិតគ្រឿងបង្គុំសង្ហារិម និងផលិតផលគ្រឿងសង្ហារិម ជាដើម ដែលផ្តល់ការងារនិងប្រាក់បៀវត្សសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
នេះក៏ជាការបង្ហាញពីជំនឿទុកចិត្ត របស់វិនិយោគិនមកលើរាជ រដ្ឋាភិបាលកម្ពុជា ដែលទោះក្នុងបរិការណ៍ នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកល ក៏ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការបណ្តាក់ទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ។
ជាក់ស្តែង នៅក្នុងខេត្តស្វាយរៀងនេះ តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១៣ និងកំពុងដំណើរការទាំង១៣ និងមានគម្រោងវិនិយោគសរុបចំនួន៤២១គម្រោង ព្រមទាំងបង្កើតតការងារបានប្រមាណ ១១៥.០០០ កន្លែង។







