ដំណឹងល្អៈ​ ស្ពានមិត្តភាព​កម្ពុជា​-ចិន​មេគង្គ​ក្រចេះ​សម្រេច​បាន​លទ្ធផល​១០០​ភាគ​រយហើយ​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីបានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងពិធីប្រគល់ -ទទួលគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ​ក្រចេះ ដែលសម្រេចបានលទ្ធផល១០០ភាគរយ។

ការចុះត្រួតពិនិត្យនេះដឹកនាំដោយ លោកលឹម ស៊ីដេនីន រដ្ឋលេ​ខា​ធិការ និងជានាយកគម្រោង បានអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេ​កទេសលម្អិត និងប្រារព្ធពិធីប្រគល់-ទទួលគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ បន្ទាប់ពីគម្រោងនេះសម្រេចការអនុវត្តបាន១០០% ស្របតាមលក្ខណៈបច្ចេកទេស និងផែនការដែលបានកំណត់។

គម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ សម្រាប់ការតភ្ជាប់ការធ្វើដំណើររវាងស្រុកចិត្របុរី នៅត្រើយខាងកើត និងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច ខេត្តក្រចេះ។ គម្រោងនេះ រួមមានស្ពានប្រវែង១៧៦១ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩ គីឡូម៉ែត្រ រួមមានផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងចំនួន ៤ ខ្សែ។

ការចុះត្រួតពិនិត្យលើកនេះ ផ្តោតសំខាន់លើការពិនិត្យគុណភាពសំណង់ លក្ខណៈបច្ចេកទេសរបស់តួស្ពាន ផ្លូវតភ្ជាប់ ប្រព័ន្ធបង្ហូរទឹក ប្រព័ន្ធភ្លើងបំភ្លឺ បរិក្ខារសុវត្ថិភាពចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធរងផ្សេងៗ ដើម្បីធានាថាគម្រោងមានគុណភាពរឹងមាំ សុវត្ថិភាព និងអាចប្រើប្រាស់បានយូរអង្វែង ស្របតាមបទដ្ឋានបច្ចេកទេស។

ក្នុងឱកាសនោះ លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមការងារបច្ចេក​ទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសហការយ៉ាងជិតស្និទ្ធ ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ រហូតធ្វើឱ្យគម្រោងនេះសម្រេចបានលទ្ធផល១០០% ប្រកបដោយគុណភាព សុវត្ថិភាព និងអនុលោមតាមស្តង់ដារបច្ចេកទេស ដែលបានកំណត់។

លោកបញ្ជាក់ថា “សមិទ្ធផលនេះ គឺជាផ្លែផ្កានៃកិច្ចសហការល្អរវាងគ្រប់ភាគីពាក់ព័ន្ធ និងជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ”។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមចក្ខុវិស័យ “មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម”៕


ចែករំលែក