ទីក្រុងបាវិត​បាន​ទាក់​ទាញ​តំបន់​សេដ្ឋកិច្ច​ពិសេស​កើន​ដល់​ចំនួន ១៣​ទីតាំង​

ចែករំលែក

ដោយៈ ចំណាន

ស្វាយរៀងៈ ទីក្រុងបាវិត ខេត្តស្វាយរៀងនេះ​ មានតំបន់សេដ្ឋកិច្ចពិសេស​មានចំនួន១៣​ និងកំពុងដំណើរការទាំង១៣ ក្នុងចំណោ​មគំរោងចំនួន៦៥ទីតាំងនៅទូទាំងប្រទេស។

​ ទីតាំងតំបន់សេដ្ឋកិច្ចពិសេសនេះ បានទាក់ទាញគម្រោងវិនិយោគសរុបចំនួន​៤២១គម្រោង​ ព្រមទាំងបង្កើតតការងារបានប្រមាណ​ ១១៥.០០០​កន្លែង។

ព័ត៌មាននេះ ត្រូវបានលើកឡើងកាលពីចុងសប្តាហ៍មុ​ន ក្នុងឱកាសលោកជា វុទ្ធីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំប្រតិភូនៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា ក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងការវិនិយោគនៅក្នុងតំបន់។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការ បានលើកពីសាវតានៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យទីវាល និងវាលស្រែដ៏ធំធេង បានប្រែក្លាយមកជាតំបន់សេដ្ឋកិច្ចពិសេស និងបានស្រូបទាញ នូវគម្រោងវិនិយោគជាច្រើន ហើយមកដល់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយស្វាហា​ប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់តាមដាន ដោយផ្ទាល់ជាប់ជាប្រចាំ និងជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេស មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានកើនដល់ចំនួន៦៥តំបន់ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ចំនួន៣៩កំពុងដំណើរការយ៉ាងសកម្ម និងបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបជាង២៥ម៉ឺននាក់ ហើយមានតម្រូវការជាង ៣៥ពាន់នាក់បន្ថែមទៀតផងដែរ។

តំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស បាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗជាពិសេសឧស្សាហកម្មផលិតសំបកកង់រថយន្ត ឧស្សាហកម្មផ្គុំនិងដំឡើងយានយន្ត ឧស្សាហកម្មដំឡើងកង់ ឧស្សាហកម្មផលិតសម្ភារៈអេឡិកត្រូនិចគ្រប់ប្រភេទ ឧស្សាហកម្មផលិតគ្រឿងបង្គុំសង្ហារិម និងផលិត​ផលគ្រឿងសង្ហារិម ជាដើម ដែលផ្តល់ការងារនិងប្រាក់បៀវត្សសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕


ចែករំលែក