ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញជាអធិបតីជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីន ហ្សូអាបេ ក្នុងពិធីចុះហត្ថលេខាលើគំរោងជំនួយចំនួនពីរដល់កម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ឧសភាកន្លងមកបានឲ្យដឹងថា នាឱកាសនោះនាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើ លិខិតផ្លាស់ប្តូរសារព្រមព្រៀងស្តីពី ការផ្តល់ជំនួយ ឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២ ដូចជាទី១ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម-សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០ លានយ៉េនជប៉ុន និងទី២ ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់៣៣៩លានយ៉េនជប៉ុន។
រដ្ឋាភិបាលជប៉ុននឹងចុះហត្ថលេខាជួយសាងសង់ ស្ថានីយ៍កុងទីណ័រតម្លៃ២០០លានយ៉េនដល់កម្ពុជា ក្នុងឪកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត នៅទីក្រុងតូក្យូចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។
សេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា សម្ដេចតេជោហ៊ុន សែន និងលោក ស៊ិន ហ្សូអាបេ នឹងអញ្ជើញធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារព្រមព្រៀងស្តីពី ការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២ ដែលមានទឹកប្រាក់ជាង៥០០លានយ៉េន។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយ លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម៕