ក្រុមមន្រ្តី​អន្តរ​ក្រសួងពិភាក្សា ​និង​កែ​សម្រួល​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ ការ​គ្រប់​គ្រង​លើ​ការ​ប្រើ​ប្រាស់​ដី​ចំណី​ផ្លូវ​នៅ​តាម​បណ្ដាញ​ផ្លូវ​ថ្នល់

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ​ពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់។

កិច្ចប្រជុំនេះដឹកនាំដោយលោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានដឹកនាំប្រតិភូ និងមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់ ក្រោមអធិបតីភាពលោក ឆឺយ រឿន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គណកម្មការភាសាវិទ្យាខ្មែរ និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃទីស្តីការគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា ផ្លាស់ប្តូរយោបល់លើ ១). របាយការណ៍វាយតម្លៃផលប៉ះពាល់ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថានលើសេចក្តីព្រាងអនុក្រឹត្យ ២). ខ្លឹមសារនៃកំណត់មូលហេតុសង្ខេប នៃសេចក្តីព្រាងអនុក្រឹត្យ និង៣). ខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យ សំដៅប្រមូលធាតុចូលបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបរិស្ថាន។

ក្រោយពីបានពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងយកចិត្តទុកដាក់រួចមក អង្គប្រជុំបានសម្រេចឯកភាពដូចខាងក្រោម៖ ១-រៀបចំរបាយការណ៍វាយតម្លៃលើផលប៉ះពាល់ នៃសេចក្តីព្រាងអនុក្រឹត្យ ដោ​យបន្ថែមផ្លូវអភិវឌ្ឍន៍ជនបទ ២-គាំទ្រលើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យ ៣-បន្តកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងកែសម្រួលខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យនាពេលខាងមុខ៕


ចែករំលែក