ខេត្ត​ភូមិភាគឦសាន​ទទួល​បាន​លំហូរទុន​វិនិយោគ​១០៨​លាន​ដុល្លារ​អាមេរិក​

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន “ក.វ.ឦសាន” ប្រជុំពិភាក្សាលើកទី៦ ដើម្បីពិនិត្យ និងសម្រេចលើគម្រោ​ងវិនិយោគចំនួន៣ នៅភូមិភាគឦសាន ក្រោមទុនវិនិយោគសរុប១០៨លានដុល្លារ។

កិច្ចប្រជុំនេះដឹកនាំដោយបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញវិនិយោគក្នុងភូមិភាគឦសាន លើកទី៦ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង៤ ដែលជាសមា​ជិកក្រុមការងារ ដើម្បីពិនិត្យ និងអនុម័តគម្រោងវិនិយោគចំនួន៣ ក្នុងវិស័យកសិកម្ម រួមមាន ការដាំដុះដើមកាហ្វេ និងកាកាវ ការចិញ្ចឹមសត្វចម្រុះ និងសត្តឃាតដ្ឋាន និងការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម ដែលវិនិយោគទាំង៣ នេះនឹងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងតំបន់ប្រមាណ៧០០នាក់ និងបន្ថែមមូលធនប្រមាណ១០៨ លានដុល្លារអាម៉េរិក ចូលក្នុងសេដ្ឋកិច្ចកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតសភាចារ្យបានបញ្ជាក់ថា “ទោះបីពិភពលោកកំពុងជួបនូវបញ្ហាប្រឈមជាច្រើន កម្ពុជានៅតែរក្សាបាននូវភាពទាក់ទាញដល់វិនិយោគ ទាំងក្នុងស្រុក និងបរទេស”។

ជាក់ស្តែង ក្រុមហ៊ុនចិនធំៗបានបង្ហាញ ពីគោលបំណងពង្រីកបន្ថែមវិនិយោគរបស់ខ្លួននៅកម្ពុជា នៅក្នុងជំនួបបន្តបន្ទាប់ជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី នាឱកាសដែលសម្តេចចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅក្នុងប្រទេសចិន កាលពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។ ក្នុងន័យនេះ ក្រុមការងារត្រូវបន្តការខិតខំសម្របសម្រួល ប្រកបដោយស្មារតីបុរេសកម្ម និង ប្រសិទ្ធភាពខ្ពស់ ដើម្បីផ្តល់ការលើកទឹកចិត្តនានា និង ការសម្រួលនីតិវិធីជាកញ្ចប់ ដើម្បីពង្រឹងការជឿទុកចិត្តពីវិនិយោគិនជាតិ និង អន្តរជាតិ សំដៅបន្តលើកកម្ពស់បរិយាកាសវិនិយោគ និង ធ្វើឱ្យកម្ពុជាបន្តជាគោលដៅវិនិយោគដ៏សំខាន់ ក្នុងតំបន់ ។

លោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីបបានបញ្ជាក់ថា ការសម្របសម្រួលនីតិវិធី និងការផ្តល់ការលើកទឹកចិត្តពិសេសជូនវិនិយោគិន ត្រូវធ្វើឡើងដោយបុរេសកម្ម ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ឱ្យកាន់តែប្រសើរឡើង ដោយការចូលរួម “ការដោះស្រាយបញ្ហាជាកញ្ចប់” ស្របតាមអភិក្រម “ជវភាពនៃប្រព័​ន្ធតួអង្គតែមួយ” និងការតម្កល់នូវស្មារតី “ឧត្តមនិយម” នៃផលប្រយោជន៍ជាតិ។

ដោយឡែក បន្ទាប់ពីទទួលបានការសម្របសម្រួល និងលើកទឹកចិត្តពិសេសទាំងនេះ វិនិយោគិនត្រូវផ្តោតការយកចិត្តទុកដាក់ ក្នុងការអនុវត្តគម្រោងជាក់ស្តែង ស្របតាមផែនការដែលបានស្នើសុំ ជាពិសេសត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ ការបណ្តុះបណ្តាល និងការផ្ទេរជំនាញ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិត​កម្មពីការផលិត រហូតដល់ការកែច្នៃដែលមានតម្លៃបន្ថែមកាន់តែប្រសើរ សម្រាប់លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

បន្ថែមលើនេះ លោកបណ្ឌិតសភាចារ្យ បានដឹកនាំពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដែលត្រូវដោះស្រាយជាបន្ទាន់ សំដៅ​ជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ៕


ចែករំលែក