ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួង បានបើកកិច្ចប្រជុំពិភាក្សាដើម្បីប្រមូលធាតុចូលបន្ថែមលើគំនូស ប្លង់វិស្វកម្មលម្អិតរបស់ស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារ ព្រំដែនអន្តរជាតិទាំង៤កន្លែង នៃគម្រោង3CEP។
លោកជំទាវ សន សុភាវត្តី អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម បានចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីប្រមូលធាតុចូលបន្ថែមលើគំនូសប្លង់វិស្វកម្មលម្អិតរបស់ស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិទាំង៤កន្លែង នៃគម្រោង3CEP ក្រោមអធិបតីភាព លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ និងជានាយកគម្រោង ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ ថ្នាក់ដឹកនាំគម្រោង 3CEP តំណាងក្រសួងមហាផ្ទៃ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តទាំង៤ (តាកែវ រតនគិរី ក្រចេះ ត្បូងឃ្មុំ) អាជ្ញាធរពាក់ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិទាំង៤ (ភ្នំដិន អូរយ៉ាដាវ ត្រពាំងស្រែ និងត្រពាំងផ្លុង) និងតំណាងសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI-BOTEK JVផងដែរ។

គោលបំណងសំខាន់នៃកិច្ចប្រជុំពិភាក្សា កម្រិតអន្តរក្រសួង-ស្ថាប័ននាថ្ងៃនេះ គឺផ្តោតសំខាន់លើការប្រមូលធាតុចូលបន្ថែម សម្រាប់រៀបចំប្លង់គោល ប្លង់ស្ថាបត្យកម្ម រចនាបថសម្រាប់សាងសង់ស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិទាំង៤កន្លែង របស់គម្រោង3CEP ដែលរួមមាន៖ ច្រកទ្វារភ្នំដិន ខេត្តតាកែវ ច្រកទ្វារអូរយ៉ាដាវ ខេត្តរតនគិរី ច្រកទ្វារត្រពាំងស្រែ ខេត្តក្រចេះ និងច្រកទ្វារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ៕







