វិនិយោគិនសិង្ហបុរីក្លាយជាជនបរទេសដែលទិញអគារការិយាល័យច្រើនជាងគេនៅទីក្រុងហុងកុង

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាអ្នកវិនិយោគដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានក្លាយជាវិនិយោគិនបរទេសដែលទិញអចលនទ្រព្យពាណិជ្ជកម្មធំជាងគេនៅទីក្រុងហុងកុងក្នុងត្រីមាសទីពីរ ស្របពេលមានការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃអគារការិយាល័យ។

តម្លៃការិយាល័យបានដាំក្បាលចុះ៥០ភាគរយ។ ការណ៍នេះបានទាក់ទាញវិនិយោគិនដែលកំពុងស្វែងរកទ្រព្យសកម្មដែលមានការបញ្ចុះតម្លៃ និងមានសក្តានុពលក្នុងការងើបឡើងវិញរយៈពេលវែង។

ចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ២០២៦ បណ្តាអ្នកវិនិយោគបរទេស និងចិនដីគោកបានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន ៥,៤៦ ពាន់លានដុល្លារហុងកុងនៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មហុងកុង។

ក្នុងនោះ អ្នកទិញជាជនជាតិសិង្ហបុរីគ្របដណ្តប់ចំនួន ៣,៣៧ ពាន់លានដុល្លារហុងកុង (៦២ភាគរយ) នៃចំនួនសរុប ខណៈបណ្តាវិនិយោគិនមកពីចិនដីគោកបានចូលរួមចំណែក១,២៣ ពាន់លានដុល្លារហុងកុង។

កាលពីត្រីមាសទី១ បណ្តាវិនិយោគិនចិនដីគោក ជាជនបរទេស ដែលទិញអចលនទ្រព្យពាណិជ្ជកម្មធំជាងគេនៅទីក្រុងហុងកុង ខណៈដែលបណ្តាវិនិយោគិនសិង្ហបុរីពុំបានទិញទេ។

នៅត្រីមាសទីពីរ អ្នកវិនិយោគសិង្ហបុរីបានទិញយកអចលនទ្រព្យពាណិជ្ជកម្មសំខាន់ៗជាច្រើននៅទីក្រុងហុងកុង រួមមាន អគារការិយាល័យទំហំ១៥២.០០០ហ្វីតការ៉េនៅអគារ The Center ក្នុងតម្លៃប្រហែល២,៦២ពាន់លានដុល្លារហុងកុង។

ជាមួយគ្នានេះ អគារការិយាល័យ One Bedford Place ស្ថិតក្នុងតំបន់ Tai Kok Tsui ត្រូវបានទិញដោយក្រុមហ៊ុន Wee Hur Holdings ក្នុងតម្លៃ៧៤៨,៨លានដុល្លារហុងកុង៕


ចែករំលែក