មន្រ្តី​ស្នើ​គណៈប្រតិភូធុរកិច្ច​ទីក្រុងអ៊ូស៊ី ​ខេត្តជាំងស៊ូ​ជួយ​ទាក់​ទាញ​ការ​វិនិយោគ​មក​កាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិ​ភាក្សាការងារជាមួយលោក ចូវ វិនតុង (Zhou Wendong) អភិបាលរងទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការបាន ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជននៃទីក្រុងអ៊ូស៊ីដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ី ដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រ​ទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។

ជាមួយគ្នានេះ លោកជា វុទ្ធី ក៏បានលើកឡើងពីសារៈសំខាន់នៃការពន្លឿនការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើ​យរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការធ្វើពិពិធកម្មទីផ្សារ សម្រាប់ទំនិញនាំចេញពីកម្ពុជា។

ជាមួយគ្នានេះដែរ លោកអគ្គលេខាធិការ ក៏បានស្នើសុំលោកអភិបាលរង មេត្តាជួយជ្រោមជ្រែង និងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យកាន់តែមានការរីកចម្រើនលូតលាស់យ៉ាងខ្លាំងក្លា និងផុសផុលប្រកបដោយផ្លែផ្កាបន្ថែមទៀត។

លោកជា វុទ្ធីបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈជំនួបពិភាក្សាលើកនេះ ថ្នាក់ដឹកនាំរបស់ទីក្រុងអ៊ូស៊ី នឹងបន្តជំរុញវិនិយោគិនពីទីក្រុងអ៊ូស៊ី មកបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសភាគីចិននឹងជួយជំរុញឱ្យមានការវិនិយោគ ក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់។

ជាការឆ្លើយតប លោកZhou Wendong អភិបាលរងទីក្រុងអ៊ូស៊ីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់ការគាំទ្រដល់កិច្ច ដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យតំបន់សេដ្ចកិច្ចពិសេសនេះមានការរីកចម្រើនជាលំដាប់។

លោក Zhou Wendong ក៏បានបង្ហាញនូវការប្តេជ្ញាក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះ កាន់តែមានការរីកចម្រើនមួយកម្រិតទៀត តាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន ពិសេសវិនិយោគិនមកពីខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី មកបណ្តាក់ទុនវិនិយោគបន្ថែមទៀតដោយជ្រើសរើស យកគម្រោងដែលមានសក្តានុពល និងឈានមុខជាអាទិភាព។

លោកZhou Wendong បានឱ្យដឹងផងដែរថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺផ្សារភ្ជាប់ទៅនឹងការត្រៀមការរៀបចំនូវកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួល តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលគ្រោងធ្វើនៅទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិននាពេលខាងមុខ។

លើសពីនេះលោកZhou Wendong បានលើកឡើងនូវសំណូមពរមួយចំនួន សំដៅបន្តជំរុញការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញបន្ថែមទៀត៕


ចែករំលែក