ដោយៈ ចំណាន
ភ្នំពេញៈ លោកកឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “ការអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងការចុះបញ្ជី “ក្តាមសេះកែប” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ”។
គោលបំណងនៃការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះ គឺដើម្បីផ្ដល់ចំណេះដឹង និងផ្សព្វផ្សាយពីគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងការចុះបញ្ជី “ក្តាមសេះកែប” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ព្រមទាំងការលើកកម្ពស់ ចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញា ជាពិសេសមូលដ្ឋានគ្រឹះនៃការរៀបចំម៉ាក សម្គាល់ភូមិសាស្ត្រទំនិញ និងការប្រមូលធាតុចូលពីអ្នកចូលរួម ដើម្បីរៀបចំជាសៀវភៅបន្ទុក ក្នុងការត្រៀមរៀបចំចុះបញ្ជី “ក្តាមសេះកែប” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។
ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យកម្មសិទ្ធិបញ្ញា ក្នុងការចូលរួមចំណែកពង្រឹង និងកសាងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិ បង្កើតការងារក្នុងតំបន់ បង្កើនខ្សែច្រវាក់តម្លៃនៃផលិតផល ការទាក់ទាញភ្ញៀវទេសចរ បង្កើនស្តង់ដារអនាម័យ និងការលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋនៅតាមជនបទ។
លោកបន្ថែមថា តាមរយៈបទពិសោធន៍ របស់ក្រសួងពាណិជ្ជកម្មក្នុងការជួយរៀបចំ ឱ្យមានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាពកន្លងមក ពិតជាបានផ្ដល់នូវលទ្ធផលវិជ្ជមានជាច្រើន ទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍមូលដ្ឋាន ប៉ុន្តែត្រូវតែផ្សារភ្ជាប់ជាមួយការគ្រប់គ្រងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ឬម៉ាកសមូហភាពឱ្យបានត្រឹមត្រូវ និងម៉ត់ចត់ ដើម្បីធានាបាននូវគុណភាព និងស្តង់ដារផលិតផល ស្របតាមស្មារតីនៃលក្ខន្តិកៈសមាគម និងសៀវភៅបន្ទុកផងដែរ។
លោករដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យបន្តយកចិត្តទុកដាក់រៀនសូត្រ ពីមន្ត្រីជំនាញកម្មសិទ្ធិបញ្ញា និងសហការគ្នាផ្លាស់ប្ដូរយោបល់ជាមួយអ្នកជំនាញ ការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីទទួលបានធាតុចូលសំខាន់ៗ ក្នុងការចងក្រងឯកសារពាក់ព័ន្ធនឹង “ក្តាមសេះកែប” ដើម្បីអាចឈានទៅរៀបចំជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ក្តាមសេះកែប” ទទួលបានជោគជ័យនាពេលខាងមុខ៕







