ដោយៈ និស្ស័យ
សៀមរាបៈ លោក យុន លីនណេ អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យលោក Masashi Oba ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនវិស្វកម្ម Fukudome Co., Ltd. នៃប្រទេសជប៉ុនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសំណង់ក្នុងខេត្តសៀមរាបឱ្យកាន់តែល្អប្រសើរជាងមុន។
លោកយុន លីនណេ អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលជប៉ុន ដែលតែងតែសហការជាមួយរដ្ឋបាលខេត្តសៀមរាប តាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុនJICA និងអង្គការធំៗផ្សេងទៀត ដើម្បីគាំទ្រដល់វិស័យអប់រំ វិស័យសាធារណការ និងដឹងជញ្ជូន គម្រោងទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវថ្នល់ និងវិស័យជាច្រើនទៀតដែលបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងខេត្តនាពេលកន្លងមក។

ជាមួយគ្នានោះដែរ លោកនាយកប្រតិបត្តិ បានបង្ហាញនូវការយកចិត្តទុកដាក់ដោយក្ដីសោមនស្សចំពោះរដ្ឋបាលខេត្ត ជាពិសេសលើកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងរដ្ឋបាលខេត្តជាមួយនឹងក្រុមហ៊ុន និងទីភ្នាក់ងារនានារបស់ជប៉ុននាពេលកន្លងមក ហើយលោកនាយកប្រតិបត្តិ បានបង្ហាញពីបច្ចេកវិទ្យា ក្នុងវិស័យសំណង់ដោយប្រើប្រាស់បច្ចេកវិទ្យា DX (Developer Experience) ដ៏ទំនើបប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ដើម្បីអនុវត្តក្នុងគម្រោងសាងសង់នានា។
លោកអភិបាលរងខេត្ត ក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការបន្តជាមួយក្រុមហ៊ុន Fukudome Co., Ltd. លើបច្ចេកវិទ្យាវិស្វកម្ម DX នេះតាមរយៈកិច្ចសម្របសម្រួលពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុនJICA ដោយឈរលើចក្ខុវិស័យ នៃការអភិវឌ្ឍវិស័យសំណង់ក្នុងខេត្តសៀមរាបឱ្យកាន់តែទំនើប រឹងមាំ និងជឿនលឿនទៅមុខបន្ថែមទៀត៕








