ដោយៈ ចំណាន
ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក ដើម្បីរៀបចំយន្តការកាត់បន្ថយគ្រោះថ្នាក់លើផ្លូវដែក។
លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អ្នកជំនាញជាន់ខ្ពស់ផ្នែកសុវត្ថិភាពផ្លូវដែករបស់ប្រទេសជប៉ុន តំណាងក្រុមហ៊ុន Royal Railway និងមន្ត្រីរាជការជាច្រើនរូបទៀត។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមមូលនិធិ នៃគម្រោងពង្រឹងសមត្ថភាព នៃការសម្របសម្រួលសម្រាប់ភស្តុភារកម្ម (CLIP3) ដោយធ្វើឡើងក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ប្រទេសជប៉ុន នូវការសិក្សាអំពីប្រព័ន្ធ នីតិវិធី និងការស៊ើបអង្កេតគ្រោះថ្នាក់ ផ្លូវដែករបស់ប្រទេសជប៉ុន ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងរៀបចំយន្តការដោះស្រាយឱ្យមានប្រសិទ្ធភាព ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់នៅលើផ្លូវដែកនាពេលបច្ចុប្បន្ន និងអនាគត៕







