ក្រុមហ៊ុន​វិនិយោគ​រួម​គ្នា​រវាង​មហាសេដ្ឋី២រូប ​ដេញ​ថ្លៃ​ទិញ​ដី​សម្រាប់​សាងសង់​អគារខុនដូ​នៅ​ប្រទេស​សិង្ហបុរី​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុន Hong Leong Holdings និង GuocoLand ដែលគ្រប់គ្រងដោយមហាសេដ្ឋីសិង្ហបុរី Kwek Leng Beng និងមហាសេដ្ឋីម៉ាឡេស៊ី Quek Leng Chan បានក្លាយជាអ្នកដេញថ្លៃតែមួយគត់នៃដីសម្រាប់សាងសង់ខុនដូមួយកន្លែងនៅប្រទេសសិង្ហបុរី។

យោងតាមកាសែត The Business Times បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន Intrepid Investments ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Leong និង GuocoLand បានដាក់សំណើដេញថ្លៃចំនួន៥៧៦,៧៨លានដុល្លារសិង្ហបុរី (៤៥០លានដុល្លារអាមេរិក)។

ដីឡូតិ៍ជួលរយៈពេល៩៩ឆ្នាំនេះមានទីតាំងស្ថិតនៅតំបន់ Berlayar Drive ដែលជាផ្នែកមួយនៃគម្រោង Greater Southern Waterfront របស់សិង្ហបុរី។

ការដេញថ្លៃនេះបានបំបែកកំណត់ត្រាថ្មីមួយសម្រាប់ការជួលដីរយៈពេល៩៩ឆ្នាំរបស់រដ្ឋាភិបាលនៅក្នុងតំបន់ជាយក្រុង។

យោងតាម កាសែត The Edge Singapore បានឱ្យដឹងថា តំបន់ Berlayar Drive លាតសន្ធឹងលើផ្ទៃដីជាង២៥.២០០ម៉ែត្រការ៉េ អាចសាងសង់ផ្ទះឯកជនប្រហែល៤១៥ខ្នង។ តំបន់នេះមានចម្ងាយត្រឹមតែជាង៣០០ម៉ែត្រពីស្ថានីយ៍រថភ្លើង MRT ដែលនៅជិតបំផុត។

យោងតាមទស្សនាវដ្តី Forbes លោក Kwek Leng Beng ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន៣,៨ពាន់លានដុល្លារ គ្រប់គ្រងក្រុមហ៊ុន Hong Leong Group របស់សិង្ហបុរី (រួមទាំងក្រុមហ៊ុន Hong Leong Holdings)។

លោក Quek Leng Chan ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន៧,៤ពាន់លានដុល្លារ គឺជាអ្នកមានបំផុតទីពីរនៅក្នុងប្រទេសម៉ាឡេស៊ី។ លោកគ្រប់គ្រងក្រុមហ៊ុន Hong Leong Group របស់ម៉ាឡេស៊ី រួមទាំងក្រុមហ៊ុន GuocoLand ផងដែរ៕


ចែករំលែក