ដោយៈ ចំណាន
ភ្នំពេញៈ ការសិក្សាបានបង្ហាញថា កម្ពុជាមានគុណសម្បត្តិពិសេសមួយ ដោយសារតម្លៃអចលនទ្រព្យ ទាបជាងសិង្ហបុរី ជប៉ុន និងឌូបៃយ៉ាងខ្លាំង។
លើសពីនេះ ទីផ្សារក៏កំពុងមានសភាពងើបឡើងវិញតិចៗផងដែរ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ បានបត់ទៅកាន់អ្នកមានជីវភាពមធម្យមកម្រិតទាប។
សម្រាប់វិនិយោគិនចិន ដែលកំពុងស្វែងរកប្រាក់ចំណូលចាប់ពី ១០០,០០០ ដុល្លារដល់៥០០,០០០ដុល្លារ រាជធានីភ្នំពេញអាចងាយស្រួលចូលទៅដល់ជាងសិង្ហបុរី ឬទីផ្សារជប៉ុន/អារ៉ាប់រួមកំពូលៗ។
ទោះជាយ៉ាងណាប្រទេសនេះ មានបញ្ហាប្រឈមលើទំនុកចិត្ត ការការពារផ្នែកច្បាប់ សាច់ប្រាក់ងាយស្រួលលក់បន្ត ផលចំណេញពីការជួល តម្លាភាព ហេដ្ឋារចនាសម្ព័ន្ធ និងទំនុកចិត្តលើរឿងរ៉ាវសេដ្ឋកិច្ចរយៈពេលវែង។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកឧកញ៉ាសន សៀបបានទទួលស្គាល់ថា ទីផ្សារមានចរន្តការទិញ លក់ខ្សោយនាពេលបច្ចុប្បន្ន ប៉ុន្តែមិនមែនមានន័យថាទីផ្សារជាប់គាំង លក់មិនបាននោះទេ។
លោកបញ្ជាក់ថា “ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែលក់បាន សំខាន់តើយើងបានពង្រឹងសមត្ថភាព និងផ្តោតលើវិន័យការងារយើងឬនៅ?”។ លោកឧកញ៉ាបន្ថែមថា “អ្វីសំខាន់នាពេលនេះ យើងមិនទាន់ដឹងថា ទីផ្សារនឹងងើបឡើងវិញនៅខែក្រោយ ឬឆ្នាំក្រោយនោះទេ តែអ្វីដែលយើងត្រូវផ្តោត គឺបើយើងលូតទៅលើមិនរួច យើងអាចចាក់ឬសទៅក្រោមឲ្យរឹងមាំ ព្រោះនៅពេលឬសយើងរឹងមាំ ទោះបីយើងជួបព្យុះបក់បោកយ៉ាងណា ក៏យើងមិនដួលរលំដែរ”៕







