តើ​រាជធានីភ្នំពេញ​មាន​ផែនការ​អភិវឌ្ឍន៍​អ្វីខ្លះចាប់​ពី​ឆ្នាំ២០២៦ ​ ដល់ឆ្នាំ​២០៣០?​

ចែករំលែក

ដោយៈ ស៊ីវ ម៉េង

   ភ្នំពេញៈ ជាមួយនឹងការរីកចម្រើនផ្នែកនគរូបនីយកម្ម កំណើនប្រជាសាស្រ្ត ការកកស្ទះចរាចរណ៍ អភិបាលរាជធានីភ្នំពេញបានលើកពីផែនការមួយចំនួន ដើម្បីអភិវឌ្ឈន៍ទីក្រុងមួយនេះ។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានថ្លែងនៅក្នុងកម្មវិធីមួយ រួមជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍កាលពីថ្ងៃទី១៧ សីហាថា ដើម្បីបង្កើនភាពទាក់ទាញ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលរាជធានី និងភាគីពាក់ព័ន្ធបានប្រកាសពីផែនការកែលម្អតំបន់ច្រាំងទន្លេ នៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ ឱ្យក្លាយជាតំបន់ទេសចរណ៍បែបទំនើប បៃតង និងមានបរិស្ថានល្អប្រសើរ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបង្កើតផលិតផលទេសចរណ៍ថ្មីៗ បន្ថែមទៀត មានជាអាទិ៍ សួនលំហែកាយសាធារណៈ សម្រាប់ការកម្សាន្តរបស់ប្រជាពលរដ្ឋ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អំណោយផលដល់ការរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍កីឡាកម្រិ​តជាតិ និងអន្តរជាតិធំៗ ការរៀបចំផ្លូវសម្រាប់រថយន្តសាធារណៈ ដើម្បីកាត់បន្ថយការកកស្ទះ និងសម្រួលដល់ការធ្វើដំណើររបស់មហាជន, និងការរៀបចំផ្លូវសម្រាប់ការជិះកង់ និងដាក់ឱ្យប្រើប្រាស់ កង់អាគុយ សាធារណៈ ដើម្បីបង្កើនភាពងាយស្រួលដល់ទេសចរ និងអ្នកដំណើរ។

រាជធានីភ្នំពេញ មានខ័ណ្ឌចំនួន១៤ និងសង្កាត់សរុបប្រមាណ១០០ និងមានប្រជាពលរដ្ឋរស់នៅ ប្រមាណ២,៦លាននាក់នាឆ្នាំ២០២៦នេះ។

រាជធានីនេះបានទាក់ទាញទុនវិ​និយោគរាប់ពាន់លានដុល្លារលើវិស័យសំណង់ និងអចលនទ្រព្យ ដោយបច្ចុប្បន្នអាគារចាប់ពីកំពស់៥ជាន់ដល់៦០ជាន់មានប្រមាណ២០០០អាគារ ហើយអាគារកម្ពស់៣៣៣ម៉ែត្រកំពុងសាងសង់នៅចំកណ្តាលបេះដូងរាជធានីមួយនេះ៕


ចែករំលែក