ដោយៈ ចំណាន
ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋានក.វ.ឦសាន ដើម្បីតម្រង់ទិសលើការសិក្សា និង ការសម្រួលនីតិវិធីចុះបញ្ជី និង វិនិយោគ សំដៅជំរុញការកែច្នៃ និង បង្កើតតម្លៃបន្ថែមនៅភូមិភាគឦសាន។
លោកហ៊ាន សាហ៊ីប ដែលមានតួនាទីជាទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋានក្រុមការងារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាប្រធាន អនុប្រធាន ទីប្រឹក្សា និង សមាជិក-សមាជិកា នៃលេខាធិការដ្ឋាន ក.វ.ឦសាន ដើម្បីពិនិត្យ និងតម្រង់ទិសលើការងារលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ក្នុងខេត្តទាំងបួននៃភូមិភាគឦសាន ឱ្យកាន់តែមានតម្លាភាព និង ប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោកបានណែនាំឱ្យលេខាធិការដ្ឋាន ក.វ.ឦសាន សិក្សា និងធ្វើការអង្កេតស្រាវជ្រាវស៊ីជម្រៅ អំពីបញ្ហាប្រឈម រួមទាំងភាពយឺតយ៉ាវនៃនីតិវិធីរដ្ឋបាល និង បន្ទុកចំណាយ ដែលវិនិយោគិន ជាពិសេស សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ជួបប្រទះ ក្នុងការចុះបញ្ជី និង វិនិយោគក្នុងភូមិភាគឦសាន ។
ការងារនេះ នឹងក្លាយជាមូលដ្ឋានជាក់ស្តែង ក្នុងការរៀបចំទិសដៅសាមញ្ញកម្មនីតិវិធី និងដោះស្រាយបញ្ហាជាក់ស្តែង ដែលនឹងសម្រួលការវិនិយោគ ក្រោមយន្តការច្រកចេញចូលតែមួយ ដោយផ្តោតលើការផ្តល់សេវា និង សម្របសម្រួលនៅថ្នាក់ក្រោមជាតិ សំដៅកាត់បន្ថយថ្លៃដើម និង ពេលព្រមទាំងជួយសម្រាលបន្ទុកធុរជន ទាំងមុន និង ក្រោយពេលចាប់ផ្តើមដំណើរការអាជីវកម្ម ជាពិសេសសម្រាប់សហគ្រាសដែលចូលរួមក្នុងសកម្មភាពផលិត និងកែច្នៃកសិផលក្នុងស្រុក ។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ការសម្រួលនីតិវិធី និង ការលើកទឹកចិត្តជាក់ស្តែង ត្រូវតម្រង់ទិសឆ្ពោះទៅជំរុញការបង្កើតតម្លៃបន្ថែម និង ប្រែក្លាយភូមិភាគឦសាន ពីតំបន់ផ្គត់ផ្គង់កសិផលវត្ថុធាតុដើម ទៅជាមូលដ្ឋានកែច្នៃកសិ-ឧស្សាហកម្ម ប្រកបដោយសក្តានុពល និង ភាពប្រកួតប្រជែងខ្ពស់។
ជាទិសដៅការងារបន្ត លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យលេខាធិការដ្ឋាន ក.វ.ឦសាន ជំរុញការងារតាមដាន និងសិក្សាស្រាវជ្រាវ ឱ្យបានគ្រប់ជ្រុងជ្រោយ និងបានក្រើនរំលឹកដល់ក្រុមការងារ ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ក្នុងការផ្តល់កិច្ចសម្របសម្រួល និង គាំទ្រដល់ធុរជន និង វិនិយោគិនគ្រប់កម្រិត សំដៅប្រែក្លាយសក្តានុពលសេដ្ឋកិច្ច នៃខេត្តទាំងបួននៅភូមិភាគឦសាន ឱ្យទៅជាកាលានុវត្តភាពវិនិយោគជាក់ស្តែង និងប្រកបដោយចីរភាព៕







