ដោយៈ ចំណាន
ភ្នំពេញៈ លោកប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំចំនួន៣ រួមមាន (១) កិច្ចប្រជុំទ្វេភាគីលើកទី១១ កម្ពុជា-វៀតណាម (២) កិច្ចប្រជុំទ្វេភាគីលើកទី៧ កម្ពុជា-ឡាវ និង (៣) កិច្ចប្រជុំត្រីភាគីលើកទី២ កម្ពុជា-ឡាវ-វៀតណាម ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក។
ភាគីវៀតណាមចូលរូមក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី Phan Thi Thu Hien អគ្គនាយករងនៃនាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសំណង់វៀតណាម និងភាគីឡាវដឹកនាំដោយលោក Chanthala Phimmachack អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ អ្នកជំនាញការរបស់ JICA និងវិស័យឯកជននៃប្រទេសទាំងបី ដែលមានចំនួនសមាសភាពចូលរួមសរុបប្រមាណ១៥០នាក់។
កិច្ចប្រជុំទាំងបីនេះត្រូវបានរៀបចំឡើងជាប្រចាំ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តខ្លឹមសារកំណត់ហេតុ នៃកិច្ចប្រជុំពាក់ព័ន្ធកន្លងទៅរវាងកម្ពុជា ជាមួយនឹងវៀតណាម និងឡាវ ក៏ដូចជាការតាមដានការអនុវត្តកិច្ចព្រមព្រៀងជាលក្ខណៈទ្វេរភាគី ពិធីសារ និងអនុស្សរណៈនៃការយោគយល់គ្នា ដោយពិភាក្សាគ្នាអំពីបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយរួម ដែលកំពុងកើតមានឡើងពាក់ព័ន្ធ ទៅនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
កិច្ចប្រជុំទ្វេភាគីលើកទី១០ កម្ពុជា-វៀតណាម និងកិច្ចប្រជុំត្រីភាគីលើកទី១ កម្ពុជា-ឡាវ-វៀតណាម ត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០២៥ ដែលប្រទេសវៀតណាមបានទទួលធ្វើជាម្ចាស់ផ្ទះ។ ដោយឡែកសម្រាប់កិច្ចប្រជុំទ្វេភាគីកម្ពុជា-ឡាវលើកទី៦ គឺបានរៀបចំឡើងកាលពីឆ្នាំ២០១៦ ដោយ បានអាក់ខានអស់រយៈពេលប្រមាណ១០ ឆ្នាំមកហើយ។
ក្នុងន័យនេះ ការរៀបចំកិច្ចប្រជុំទាំងបីខាងលើនេះ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ អំពីការតាំងចិត្តរួមគ្នា ក្នុងការចូលរួមជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ឱ្យមានភាពល្អប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់រវាងប្រទេសទាំងបី សំដៅពង្រឹងការតភ្ជាប់រវាងប្រទេស និងប្រទេស និងការធ្វើសមាហរណកម្មក្នុងតំបន់៕







