ដោយៈ ចំណាន ព្រះសីហនុៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់ប្រព័ន្ធ PASNet App របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការស្ទង់មតិលើថ្លៃចំណាយ រយៈពេល និងភាពជឿទុកចិត្តលើវិស័យភស្តុភារកម្ម។ សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព លោកហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ លោកជំទាវអគ្គនាយកភស្តុភារកម្ម តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណាងកំពង់ផែស្វយ័តភ្នំពេញ តំណាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក តំណាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ តំណាងវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ឧកញ៉ា លោក-លោកស្រីតំណាងសមាគមពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនផងដែរ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១). ផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ប្រព័ន្ធ PASNet App & Web Portal របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង ២). ការស្ទង់មតិលើថ្លៃចំណាយរយៈពេល និងភាពជឿទុកចិត្តលើវិស័យភស្តុភារកម្មសម្រាប់ឆ្នាំ២០២៦។ នៅក្នុងឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានភស្តុភារកម្ម គ្រោងនឹងបន្តពង្រីកវិសាលភាពនៃការរៀបចំ ធ្វើការស្ទង់មតិជាមួយក្រុមហ៊ុនឯកជនបន្តទៀត ក្នុងគោលបំណងសិក្សាឱ្យកាន់តែលម្អិតបន្ថែម លើថ្លៃចំណាយ និងពេលវេលា បញ្ហាប្រឈម និងទទួលយកមតិយោបល់នានា ដើម្បីជាធាតុចូលយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីក នៅប្រទេសកម្ពុជា៕ 






