ដោយ: សហសេវិក
អន្តរជាតិ: ការរីកចម្រើននៃវិស័យបញ្ញាសិប្បនិម្មិត (AI) កំពុងជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាបង្កើនចំនួនបុគ្គលិកយ៉ាងឆាប់រហ័ស ហើយការណ៍នេះកំពុងឃះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សារការិយាល័យ។
យោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុន CBRE បានឱ្យដឹងថា ទីក្រុងញូវយ៉កមានកម្លាំងពលកម្មបច្ចេកវិទ្យាច្រើនជាងគេនៅសហរដ្ឋអាមេរិក ដោយមានបុគ្គលិកធ្វើការនៅតាមក្រុមហ៊ុនបច្ចេកវិទ្យាប្រហែល៣៩៤.៣០០នាក់។
តួលេខនេះមានកម្រិតខ្ពស់ជាងបន្តិចបើធៀបនឹងតំបន់សាន់ហ្វ្រាន់ស៊ីស្កូ ដែលមានចំនួន៣៧៥.៧៣០នាក់។ នេះជាលើកដំបូងដែលទីក្រុងញូវយ៉កជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងការវិភាគរយៈពេល១៣ឆ្នាំរបស់ក្រុមហ៊ុន CBRE។
ការផ្លាស់ប្តូរនេះមួយផ្នែកបណ្តាលមកពីកម្លាំងពលកម្មបច្ចេកវិទ្យារបស់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូបានធ្លាក់ចុះ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យានៅទីក្រុងញូវយ៉បុគ្គលិកធ្វើការក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) បន្ថែមទៀត។
ការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI នៅសហរដ្ឋអាមេរិក និងកាណាដាបានហក់ឡើង៤៥% ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដោយចំនួនបុគ្គលិកបានកើនដល់ ៧៥១.០០០ នាក់គិតត្រឹមខែមិថុនា។
ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ក៏កំពុងជំរុញតម្រូវការការិយាល័យផងដែរ។ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) មានចំណែក៥៨% នៃការជួលការិយាល័យក្នុងឆមាសទីមួយនៃឆ្នាំនេះ។
ក្រុមហ៊ុន AI មានទំនោរពេញចិត្តនឹងការបំពេញការងារដោយផ្ទាល់ ជាពិសេសដោយសារកិច្ចសហការ និងនវានុវត្តន៍មានសារៈសំខាន់ចំពោះការអភិវឌ្ឍ AI។ នេះកំពុងជួយទីផ្សារការិយាល័យរបស់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូឱ្យងើបឡើងវិញ៕







