ដោយៈ ចំណាន
ព្រះសីហនុៈ ក្រុមអ្នកជំនាញការជប៉ុន បានជួបពិភាក្សាការងារជាមួយគណៈអភិបាលខេត្តព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរបេសកកម្មការងារ របស់អ្នកជំនាញការជប៉ុននៅកម្ពុជា។
ក្នុងដំណើរបេសកកម្មការងារ របស់អ្នកជំនាញការជប៉ុននៅកម្ពុជា លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Takahashi Michiaki អ្នកជំនាញការជប៉ុន ព្រមទាំងក្រុមការងារ បានចូលជួបពិភាក្សាការងារជាមួយលោកម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកលូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
នាពេលព្រឹកក្នុងជំនួបជាមួយ គណៈអភិបាលខេត្តព្រះសីហនុ លោកអភិបាលបានសម្ដែងនូវការស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងបានលើកឡើងពីសក្តានុពលភូមិសាស្ត្រ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលកំពុងប្រែក្លាយខេត្តតំបន់ឆ្នេរមួយនេះឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។
នាពេលរសៀលក្នុងជំនួបជាមួយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល ប្រជាជនជប៉ុន និងអង្គការJICA ដែលបានជួយជ្រោមជ្រែងអភិវឌ្ឍន៍ កំពង់ផែជាបន្តបន្ទាប់។
លោកបានជម្រាបជូនអំពីផែនការ សាងសង់ចំណតផែទឹកជ្រៅ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែអន្ដរជាតិខ្នាតធំ (Hub Port) ដើម្បីឆ្លើយតបទៅកំណើនការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ទន្ទឹមនឹងនេះ កំពង់ផែក៏កំពុងសហការជាមួយJICA សិក្សាផែនការមេថ្មីរហូតដល់ឆ្នាំ២០៥០ ដើម្បីតភ្ជាប់ប្រព័ន្ធភស្តុភារកម្មពហុមធ្យោបាយ។
ក្នុងឱកាសនេះ លោកអគ្គលេខាធិការរង បានជម្រាបជូនអំពីសាវតានៃការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (Business Co-creation Team-BCT) តាមស្មារតីនៃកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជាដែលបានប្រកាសដាក់ចេញ ដោយសម្ដេចធិបតីនាយករដ្ឋមន្រ្ដី និងអតីត នាយករដ្ឋមន្រ្ដីជប៉ុន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្ដល់ សេវាគាំទ្រនិងសេវាថែទាំជូនវិនិយោគិនជប៉ុន ព្រមទាំងបានបញ្ជាក់អំពីការត្រៀមមកបំពេញបេសកកម្មការងាររបស់ អ្នកជំនាញការរយៈពេលវែងរបស់ទីភ្នាក់ងារJICA នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២៦នេះ៕







