ការ​ចុះ​ពិនិត្យ​ទីតាំង​ជាក់​ស្ដែង ​សម្រាប់​គម្រោង​សាង​សង់​​ស្ពានកោះខ្សាច់​ទន្លា ក្រោម​ក្រប​ខ័ណ្ឌហិរញ្ញប្បទាន​ពីធនាគារវិនិយោគអឺរ៉ុប​ (EIB) ​ជាមួយ​ក្រុម​អ្នក​ជំនាញ​ការរបស់​ធនាគារវិនិយោគអឺរ៉ុប​ (EIB) ​ក្នុង​បេសកកម្មលើកទី២ ​មក​កម្ពុជា

ចែករំលែក

កណ្តាល ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នូ សុវត្ថិ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យទីតាំងជាក់ស្ដែងក្នុងភូមិសាស្រ្តស្រុកស្អាង ខេត្តកណ្តាល សម្រាប់សាងសង់ស្ពានកោះខ្សាច់ទន្លា ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB) ជាមួយក្រុមអ្នកជំនាញការរបស់ធនាគារវិនិយោគអឺរ៉ុប (EIB) ក្នុងបេសកកម្មលើកទី២ មកកម្ពុជា។

បេសកកម្មនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍) តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (កម្មវិធី ASPIRE-AT) ក្រុមអ្នកជំនាញការរបស់ធនាគារវិនិយោគអឺរ៉ុប (EIB) តំណាងប្រតិភូសហគមន៍អឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) តំណាងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD (JAPAN) មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងសិក្សា និងវាយតម្លៃស្ថានភាពទីតាំងគម្រោងជាក់ស្តែង ប្រមូលទិន្នន័យបច្ចេកទេស និងពិភាក្សាជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់ការសិក្សាក្នុងដំណាក់កាលសមិទ្ធិលទ្ធភាពគម្រោង ឆ្ពោះឈានទៅរកការអនុវត្តគម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា ឱ្យលេចឡើងជារូបរាងក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា គ្រោងចាប់ផ្តើមអនុវត្តការសាងសង់ក្នុងឆ្នាំ២០២៧ ខាងមុខ។ ការងារសាងសង់ស្ពានកោះខ្សាច់ទន្លានេះ គ្រោងនឹងអាចសាងសង់ក្នុងប្រវែងប្រមាណ ៣៣០ម៉ែត្រ និងគ្រោងសាងសង់ផ្លូវតភ្ជាប់ពីក្បាលស្ពាន មានប្រវែងប្រមាណ ៣០៥ម៉ែត្រ។ គម្រោងនេះមានសារៈសំខាន់ក្នុងការឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់កោះខ្សាច់ទន្លា ទៅកាន់ផ្លូវជាតិលេខ២១ សំដៅលើកកម្ពស់បណ្តាញដឹកជញ្ជូន និងភស្តុភារកម្មកសិកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា៕


ចែករំលែក