វៀតណាម​គ្រោងវិនិយោគ​ បង្កើត​រោងចក្រ​កែច្នៃ​ដើមកៅ​ស៊ូ​ជា​គ្រឿង​សង្ហារិម​ ផលិត​ជី​សរីរាង្គ​និង​ដំណាំ​កាហ្វេ​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានបង្ហើបពីគម្រោ​ងវិនិយោគរបស់វិស័យឯកជន លើការបង្កើតរោងចក្រកែច្នៃដើមកៅស៊ូជាគ្រឿងសង្ហាររឹម ផលិតជីសរីរាង្គ និងដំណាំកាហ្វេនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងឱកាសលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយសហគ្រាសវៀតណាមនៅកម្ពុជាដឹកនាំដោយលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ក្រោមការសម្របសម្រួលរៀបចំដោយឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជានិងសហការី, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសហការី។

ក្នុងជំនួបនេះ លោកអគ្គលេខាធិការបានសម្តែង នូវសេចក្តីសោ​មនស្សរីករាយ និងស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូ ដែលរួមមានតំណាងសហគ្រាសមួយចំនួនផងដែរ។ ក្នុងកិច្ចពិភាក្សា លោក អគ្គលេខាធិការបានសង្កត់ធ្ងន់ ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើការលើកកម្ពស់វិស័យឯកជន ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ដើម្បីរួមគ្នារកដំណោះស្រាយសមស្របសំដៅបង្កើនប្រសិទ្ធភាពការងារ និងបន្តលើកកម្ពស់ទំនុកចិត្តពីសំណាក់វិនិយោគិន។

លោកអគ្គលេខាធិការក៏បានរំលឹកផងដែរ ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ជាពិសេស ការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់២០ពាន់លានដុល្លារដុល្លារអាម៉េរិក។

ទន្ទឹមនឹងការលើកឡើងពីបរិយាកាសវិនិយោគជារួម និងគោលនយោបាយគាំទ្រផ្សេងៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ លោក អគ្គលេខាធិការ បានជម្រាបជូនគណៈប្រតិភូបន្ថែមថា កម្ពុជាមានសក្តានុពលធំធេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលវិនិយោគិនវៀតណាមគប្បីពិចារណា បណ្តាក់ទុនវិនិយោគក្នុងរូបភាពកែច្នៃជាផលិតផលសម្រេច ជាជាងនាំចេញក្នុងរូបភាពជាវត្ថុធាតុដើម ដូចជាការកែច្នៃស្វាយចន្ទី ដំឡូងមី ស្រូវអង្ករ កៅស៊ូ និងវិស័យឈើដាំ។

មានមតិក្នុងកិច្ចពិភាក្សា លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមធុរកិច្ចវៀតណាម -កម្ពុជា ដែលបានសហការរៀបចំកិច្ចពិភាក្សា ដ៏មានសារៈសំខាន់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈម របស់វិនិយោគិនវៀតណាមនាពេលកន្លងមកប្រកបដោយប្រសិទ្ធភាព។

បន្ថែមលើការស្តាប់ពីបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជនវៀតណាម កិច្ចពិភាក្សានាពេលនេះ ក៏អាចផ្តល់ឱកាសឱ្យវិនិយោគិនវៀតណាម ស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគរបស់កម្ពុជាបន្ថែមទៀតផងដែរ។

ជាមួយគ្នានេះ តំណាងវិស័យឯកជនវៀតណាម បានជម្រាបជូនអំពីគម្រោងវិនិយោគ បង្កើតរោងចក្រកែច្នៃដើមកៅស៊ូ ជាគ្រឿងសង្ហារិម គម្រោងផលិតជីសរីរាង្គ និងគម្រោងវិនិយោគដាំកាហ្វេ ហើយបង្កើតរោងចក្រកែច្នៃ។

លោកជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគខាងលើ ព្រមទាំងបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនរៀបចំបែបបទដាក់ពាក្យស្នើសុំ ចុះបញ្ជីគម្រោងវិនិយោគមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យបានឆាប់។ ឮ

លោកអគ្គលេខាធិការ ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការពង្រឹងយន្តការច្រកចេញ-ចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យបានពេញលេញ សំដៅផ្តល់សេវាឱ្យកាន់តែងាយស្រួល លឿន និងមានប្រសិទ្ធភាព។

លោកជា វុទ្ធី បានស្នើសុំឱ្យវិនិយោគិនយកចិត្តទុកដាក់លើកិច្ចការបីសំខាន់គឺ៖ ការការពារបរិស្ថាន ទំនួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អដោយគោរពច្បាប់ និងការបង់ពន្ធជូនរដ្ឋ ដើម្បីរដ្ឋមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្តល់សេវាជូនវិនិយោគិនវិញ៕


ចែករំលែក