ដោយ ម៉ាណេត
ភ្នំពេញៈ ជប៉ុននឹងផ្តល់ហិរញ្ញប្បទានឥតសំណងជាង៣លានដុល្លារអាមេរិក នៅថ្ងៃទី ៣១ ខាងមុខនេះសម្រាប់គម្រោងសង់ឃ្លាំងកុងតឺន័រ នៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសម្រាប់គម្រោងផ្តល់អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ និងសម្តេចតេជោ នឹងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងផ្តល់អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្សក្នុងទំហំទឹកប្រាក់៣៣៩លានយ៉េន (ប្រមាណ៣,១ លានដុល្លារ) និងគម្រោងសង់ឃ្លាំងកុងតឺន័រនៅតំបន់សេដ្ឋកិច្ចពិសេស នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងទំហំទឹកប្រាក់២០០លានយ៉េន (១,៨៣ លានដុល្លារ)។ នេះបើយោងតាមការបណ្ដាញសង្គមរបស់សម្តេចតេជោ។
-->
សម្តេចតេជោមានប្រសាសន៍ថា “តាងនាម រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការដឹងគុណ និងការវាយតម្លៃខ្ពស់ ជាថ្មីម្តងទៀតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍសេដ្ឋ-កិច្ចកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ”។សម្តេចបន្តថា “តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុននៅកម្ពុជា”។
លើសពីនេះទៅទៀត ការផ្តល់ហិរញ្ញប្បទានសហប្រតិបតិ្តការ លើគម្រោងអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានទំហំហិរញ្ញប្បទានរហូតដល់ប្រមាណជា២៣ពាន់លានយ៉េន (ប្រមាណជាង ២១០ ដុល្លារអាមេរិក) នឹងជួយប្រែក្លាយកម្ពុជា ទៅជាកន្លែងប្រមូលផ្តុំទំនិញឆ្លងកាត់នៅក្នុងតំបន់អាស៊ាន ជាមួយនឹងការបង្កើនសមត្ថភាព គ្រប់គ្រងទំនិញបានដល់៩០ម៉ឺនកុងតឺន័រប្រភេទ២០ហ្វីត (TEUs) ក្នុងមួយឆ្នាំដែលមានសមត្ថភាពបន្ថែមលើសពីពេលបច្ចុប្បន្ន២ដង។
គម្រោងនេះនឹងអាចឱ្យនាវាដឹកទំនិញខ្នាតធំ ដែលជាចរន្តនៃការដឹកជញ្ជូនទំនិញក្នុងសមុទ្រអន្តរជាតិ ចូលមកលើកដាក់ទំនិញផ្ទាល់ដល់កំពង់ផែក្រុងព្រះសីហនុ ដែលនឹងចូលរួមចំណែក កាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ អន្តរជាតិ នាពេលអនាគត។
បន្ថែមពីនេះ ការទិញភាគហ៊ុនជាយុទ្ធសាស្រ្តរបស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុពីសំណាក់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាន់តែបញ្ជាក់ពីជំនឿទុកចិត្តរបស់រដ្ឋាភិបាលជប៉ុនមកលើអនាគតកំពង់ផែ ក៏ដូចជាអនាគតកម្ពុជាទាំងមូល៕