ដោយ ដន
ភ្នំពេញៈ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកដែលបានចេញផ្សាយថ្មីៗនេះបានឲ្យដឹងថា ទំហំពាណិជ្ជកម្មអាមេរិកជាមួយកម្ពុជាបានកើនឡើង ២៥ភាគរយ នៅត្រីមាសទីមួយនៃឆ្នាំ ២០១៩។
ប្រទេសកម្ពុជាបាននាំចេញទំនិញដែលមានទំហំទឹកប្រាក់ប្រមាណ ១,១២ពាន់លានដុល្លារអាមេរិកទៅកាន់សហរដ្ឋអាមេរិកចាប់ពីខែមករាដល់ខែមីនា។
ការនាំចេញកាលពីឆ្នាំមុនក្នុងអំឡុងពេលដូចគ្នាមានទំហំទឹកប្រាក់ប្រមាណ ៩០៣,៦ លានដុល្លារ។ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ សរុប ៣,៨ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៨។
-->
ក្នុងខែនេះដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបាន និងកំពុងកើតឡើង លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានចេញនូវបញ្ជីទំនិញថ្មីដែលមានតម្លៃ ៣០០ ពាន់លានដុល្លារដែលអាចត្រូវបានតម្លើងពន្ធចំនួន ២៥ ភាគរយ។
ក្រុមអ្នកវិភាគបាននិយាយថា ប្រសិនបើពន្ធគយនឹងចូលជាធរមាន វិស័យកាត់ដេរនឹងមិនមានជម្រើសទេក្រៅតែពីស្វែងរកទីតាំងផលិតជំនួសដូចជានៅ កម្ពុជា វៀតណាម និងភូមា។
លោក Albert Tan ជាហេរញ្ញិកនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលតំណាងឲ្យរោងចក្រនាំចេញសំលៀកបំពាក់ និងស្បែកជើងចំនួន ៦០០ កន្លែងបាននិយាយថា “ដោយសារតែសង្រ្គាមពាណិជ្ជកម្មកាន់តែខ្លាំងឡើង នឹងមានក្រុមហ៊ុនចំនួនននឹងងាកមកប្រទេសកម្ពុជាពីប្រទេសចិន”៕