ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម បានកិច្ចពិភាក្សាដើម្បីរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រអន្តរកាល ដោយរលូនលើវិស័យពាណិជ្ជកម្ម សម្រាប់ការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។
អ្នកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា អមដោយ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយិការងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោក Paul Baker ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោង EU-German GATE។
កិច្ចពិភាក្សានេះមានគោលបំណង ប្រមូលធាតុចូលសំខាន់ៗពីវិស័យឯកជន ពាក់ព័ន្ធនឹងកង្វល់ បញ្ហាប្រឈម និងវិស័យអាទិភាព ដើម្បីរួមចំណែកក្នុងការរៀបចំសេចក្តីព្រាង យុទ្ធសាស្ត្រអន្តរកាលដោយរលូនលើវិស័យពាណិជ្ជកម្ម (Smooth Transition Strategy on Trade Sector) សម្រាប់ការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation)។
យុទ្ធសាស្ត្រនេះទទួលបានការគាំទ្រពី ក្រសួងពាណិជ្ជកម្ម និងសហការជាមួយGIZ ក្នុងការវាយតម្លៃលើការផ្លាស់ប្តូរគោលនយោ បាយ និងបទប្បញ្ញត្តិ ការចូលទីផ្សារ ផលប៉ះពាល់តាមវិស័យ ឱកាសធ្វើពិពិធកម្មទីផ្សារ និងផលិតផល ព្រមទាំងការរៀបចំផែនទីបង្ហាញផ្លូវ និងក្របខណ្ឌតាមដាន និងវាយតម្លៃ។
សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមតំណាងឱ្យវិស័យឯកជន សូមស្វាគមន៍ ចំពោះការរៀបចំយុទ្ធសាស្ត្រអន្តរកាល ដោយរលូនរបស់កម្ពុជា និងត្រៀមខ្លួនជាស្រេចក្នុងការសហការ យ៉ាងជិតស្និទ្ធជាមួយ ក្រសួងពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថា យុទ្ធសាស្ត្រនេះឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អាជីវកម្មកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម។
សភាពាណិជ្ជកម្មកម្ពុជាជឿជាក់ថា កិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ជាការពង្រឹងសមត្ថភាព និងការបន្តគាំទ្រដល់ការចូលទីផ្សារ នឹងមានសារៈសំខាន់ក្នុងការធានាឱ្យដំណើរការផ្លាស់ប្តូររបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពធន់ និងចីរភាព៕







