ដោយៈ ម៉ាណា
ស្ទឹងត្រែងៈ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារជំរុញការនាំចេញ បានដឹកនាំប្រតិភូចុះអបអរសាទរដោយផ្ទាល់ដល់ទីតាំង ក្រុមហ៊ុនHCST ឯ.ក ចំពោះសមិទ្ធផលនៃការនាំចេញប្រកបដោយជោគជ័យជាបន្តបន្ទាប់ ទៅកាន់ទីផ្សារចក្រភពអង់គ្លេស។
ការនាំចេញនាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមត្ថភាពដ៏រឹងមាំរបស់ក្រុមហ៊ុន ក្នុងការរក្សាបាននូវគុណភាពផលិតផលស្របតាមស្តង់ដាអន្តរជាតិ និងឆ្លើយតបទៅនឹងតម្រូវការដ៏តឹងរ៉ឹងរបស់ទីផ្សារពិភពលោក។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបង្ហាញពីការខិតខំ ប្រឹងប្រែងយ៉ាងមោះមុត និងស្វាហាប់ ដើម្បីបន្តនិរន្តរភាពនៃការនាំចេញ និងពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀតនាពេលខាងមុខ។
ក្នុងនាមក្រសួងពាណិជ្ជកម្ម ក្រុមការងារជំរុញការនាំចេញ នឹងបន្តខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការសម្របសម្រួល និងជំរុញការភ្ជាប់ទំនាក់ទំនងទីផ្សារ ដើម្បិបើកផ្លូវជូនផលិតផលកម្ពុជា ទៅកាន់ទីផ្សារគោលដៅធំៗ ជាពិសេសការស្វែងរក និងពង្រីកទីផ្សារសក្តានុពលក្នុងតំបន់អឺរ៉ុប និងតំបន់អាស៊ាន។
ជោគជ័យនៃការនាំចេញនេះ មិនត្រឹមតែជាមោទនភាព និងការរីកចម្រើនរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ដានុពលដ៏ធំធេងមួយសម្រាប់វិស័យគ្រាប់ស្វាយចន្ទីកម្ពុជា ក្នុងការបន្តពង្រីកទីផ្សារ និងបង្កើនការនាំចេញផលិតផលកែច្នៃ ដែលជួយជំរុញកំណើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្មទៅកាន់ទីផ្សារអន្តរជាតិ៕







