ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅត្រឹមរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចអនុម័តលើគម្រោងសាងសង់សំណង់ នៅក្នុងទំហំទឹកប្រាក់សរុបប្រមាណជិត ៣ពាន់ដុល្លារសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះបានបង្ហាញថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ គម្រោងវិនិយោគនៅក្នុងវិស័យសំណង់នានា ដូចជា អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ខុនដូ អគារការិយាល័យ សណ្ឋាគារ បុរីលំនៅដ្ឋាន និងសំណង់រោងចក្រ ជាដើម ត្រូវបានអនុម័តដោយមានទំហំទឹកប្រាក់វិនិយោគ សរុបរហូតដល់២៧៤២ដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះទុនវិនិយោគផ្ទាល់ពីបរទេសមានចំនួនទឹកប្រាក់ ៣៦៧លានដុល្លារសហរដ្ឋអាមេរិក។
-->
របាយការណ៍ដដែលបានបង្ហាញឱ្យដឹងផងដែរថា នៅក្នុងចំណោមនៃការវិនិយោគពីបណ្តាក្រុមហ៊ុនបរទេស នៅក្នុងទំហំទឹកប្រាក់ខាងលើនេះ វិនិយោគិនចិនបានឈានមុខគេជាមួយការបោះទុនសរុបប្រមាណ៣១៥លានដុល្លារ ខណៈដែលបណ្តាអ្នកវិនិយោគនានានៅក្នុងតំបន់អាស៊ាន ដែលចូលមកវិនិយោគនៅកម្ពុជា មានទំហំទឹកប្រាក់ត្រឹមជាង៤លានដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។ ដោយឡែកសម្រាប់ក្រុមហ៊ុនសំណង់កំពុងតែដំណើរការនៅកម្ពុជា ត្រូវបានចុះបញ្ជីនៅក្រសួងមានដូចជា ក្រុមហ៊ុនសំណង់ចិនមានចំនួន២២៦ ក្រុមហ៊ុនវៀតណាមមានចំនួន២៦ ក្រុមហ៊ុនថៃមានចំនួន១៤ ក្រុមហ៊ុនម៉ាឡេស៊ីមានចំនួន១២ ក្រុមហ៊ុនសិង្ហបុរីមានចំនួន៦ ក្រុមហ៊ុនឥណ្ឌូនេស៊ីមានចំនួន២ និងក្រុមហ៊ុនហ្វីលីពីនមានចំនួន១។
លោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានថ្លែងថា“រហូតមកដល់ពេលនេះ យើងនៅតែបន្តមើលឃើញការលក់ល្អ ក្នុងគម្រោងជាច្រើន និងការលក់គម្រោង ដែលទើបចាប់ផ្តើមបានកំណត់គោលដៅបានយ៉ាងល្អ”។ លោកថ្លែងបន្តទៀតថា “មិនមានសកម្មភាពធ្លាក់ចុះគួរអោយកត់សម្គាល់ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះដោយសារតែជំហរទីផ្សារ នៅតែមានច្រើនដែលវាស្ថិតនៅចំណុចល្អដូចកាលពីមុន”៕