ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការពង្រឹងយន្តការគ្រប់គ្រង ក្រុមហ៊ុនផ្តល់សេវាកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូន ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សា អំពីស្ថានភាពប្រតិបត្តិការបច្ចុប្បន្ន និងយន្តការពង្រឹងការគ្រប់គ្រងវិស័យនេះ ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លាភាព។
អង្គប្រជុំក៏បានស្តាប់មតិយោបល់ បញ្ហាប្រឈម និងកង្វល់របស់ក្រុមហ៊ុន ព្រមទាំងពិភាក្សាស្វែងរកដំណោះស្រាយ សមស្របចំពោះបញ្ហាដែលបានលើកឡើងដោយក្រុមហ៊ុនពាក់ព័ន្ធ។

លោកជំទាវ ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមផ្តល់មតិយោបល់ និងចែករំលែកបញ្ហាប្រឈម ក្នុងការអនុវត្តជាក់ស្តែង។
លោកជំទាវ បានមានប្រសាសន៍បន្ថែមថា មតិយោបល់ និងធាតុចូលដែលទទួលបានពីកិច្ចប្រជុំនេះ នឹងក្លាយជាធាតុចូលសំខាន់សម្រាប់ក្រសួងបន្តសិក្សា និងរៀបចំយន្តការគ្រប់គ្រងឱ្យបានច្បាស់លាស់ ស្របតាមបទប្បញ្ញត្តិជាធរមាន និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃវិស័យទាំងមូល ដើម្បីលើកកម្ពស់គុណភាពសេវា ការប្រកួតប្រជែងដោយស្មើភាព ការការពារសុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់របស់អ្នកដំណើរ អ្នកបើកបរ និងក្រុមហ៊ុន៕








