ដោយៈ និស្ស័យ
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា បានបង្ហាញការគាំទ្រសំណកម្ពុជា ក្នុងការចូលជាសមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។
ការបង្ហាញការគាំទ្រនេះ ធ្វើឡើងនាឱកាសរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានអនុញ្ញាតជូន លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូតប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះ លោកជំទាវ Raylene Siale Tagaloa Liufalani ក្នុងឱកាសដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់នូវែលសេឡង់ ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ ក៏ដូចជាជំនួយបច្ចេកទេស ដែលបានជួយលើកកម្ពស់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជាRCEP និង AANZFTA។
ក្នុងជំនួបនោះដែរ ភាគីទាំងពីរបានរំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងនូវែលសេឡង់ ជាពិសេសលើវិស័យពាណិជ្ជកម្ម ព្រមទាំងបានកត់សម្គាល់ ចំពោះកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាព ក្នុងការជំរុញពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត តាមរយៈការអនុវត្តឱ្យបានពេញលេញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលភាគីទាំងពីរជាសមាជិក៕








