ខ្លឹមសារ​នៃ​គម្រោង​ចូលរួម​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជប៉ុន​នៅ​កម្ពុជា​ត្រូវ​បាន​បើក​បង្ហាញ​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចែករំលែកព័ត៌មានសំខាន់ៗទាក់ទងនឹងគម្រោងជំនួយរបស់ជប៉ុនលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា។

ក្នុងជំនួបផ្តល់ខ្លឹមសារជាមួយសាស្រ្តាចារ្យ និងក្រុមនិស្សិតជប៉ុន ដែលបានមកសិក្សាស្រាវជ្រាវនៅកម្ពុជា លោកវ៉ាស៊ីម សូរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកបង្ហាញពី ព័ត៌មានលើចំណុចសំខាន់ៗក្រោមហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានដើរតួនាទីស្តារលើកស្ទួយសេដ្ឋកិច្ច សង្គមកម្ពុជា។

គម្រោងទាំងនោះរួមមាន៖ (១) វឌ្ឍនភាពនៃការអភិវឌ្ឍរបៀងសេដ្ឋកិច្ចភាគខាងត្បូង (Southern Economic Corridors-SEC) តាមរយៈការតភ្ជាប់សរសៃឈាម សេដ្ឋកិច្ចរបស់កម្ពុជា អំពីការចូលរួមវិនិយោគ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ និងការវិនិយោគផ្នែកឯកជនពីប្រទេសជប៉ុន ការសាងសង់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ និងស្ពានត្សឹបាសា (អ្នកលឿង) ការវិនិយោគតំបន់សេដ្ឋកិច្ចពិសេស​SEZ ។

(២) ការរួមចំណែកដោះស្រាយបញ្ហាប្រឈម នៅតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិសំខាន់ៗរបស់កម្ពុជា ជាមួយប្រទេសជិតខាង ដោយរៀបចំនូវយុទ្ធសាស្ត្រ កាត់បន្ថយការកកស្ទះ នៅច្រកទ្វារអន្តរជាតិសំខាន់ៗ (បាវិត និងប៉ោយប៉ែត)​ តាមរយៈការរៀបចំទីលានចតរថយន្ត និងមជ្ឈមណ្ឌលភស្តុភារកម្ម (៣) វឌ្ឍនភាពនៃអនុវត្តគម្រោង CLIP, CLIP2 និង SF-CLIP/CLIP3 ដោយបានផ្ដល់ជាយុទ្ធសាស្ត្រ និងអនុសាសន៍សម្រាប់សម្រួលលំហូរ បែបបទគយនិងអន្តោប្រវេសន៍ ការជំរុញបើកដំណើរការ និងការគាំទ្ររត់សាកល្បងនូវប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងការសិក្សាការសិក្សាស្វែងរកទីតាំងបន្ថែម ការបំពាក់កាមេរ៉ាបច្ចេកវិទ្យា AI តាមដានលំហូរចរាចរណ៍ និងការសិក្សាដម្បីកែសម្រួលនិងធ្វោះអោយប្រសើឡើង នីតិវិធីជម្រះបែបបទ និងឯកសារយានយន្តនិងទំនិញ ឆ្លងកាត់ព្រំដែន។

(៤) ការពង្រីកកិច្ចសហការក្នុងតំបន់ តាមរយៈការដកស្រង់បទពិសោធន៍ពីប្រទេសជិតខាង និងប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ដើម្បីប្រែក្លាយរបៀងដឹកជញ្ជូនរបស់កម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពេញលេញ សំដៅកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងទាក់ទាញការវិនិយោគបន្ថែមមកកាន់កម្ពុជា៕


ចែករំលែក