តម្លៃ​ជួល​ការិយាល័យ​លំដាប់​ខ្ពស់​នៅ​ប្រទេស​សិង្ហបុរី​បន្ត​កើន​ឡើង​នៅ​ក្នុង​ត្រីមាស​ទី៣​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃជួលការិយាល័យលំដាប់ខ្ពស់ (Prime office) នៅប្រទេសសិង្ហបុរីបានកើនឡើងនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៦ ដោយសារតម្រូវការកើនឡើងពីក្រុមហ៊ុនបច្ចេកវិទ្យា AI និងការខ្វះខាតទីតាំងការិយាល័យដែលមានគុណភាព។

យោងតាមទិន្នន័យពីក្រុមហ៊ុន JLL តម្លៃជួលការិយាល័យកម្រិត A នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) បានកើនឡើង ១% បើធៀបនឹងត្រីមាសទី២ ដល់ ១២,៣២ ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ (psf) ក្នុងមួយខែនៅត្រីមាសទី៣ ឆ្នាំ ២០២៦។

ការកើនឡើងនេះធ្វើឱ្យអត្រាកំណើនសរុបនៃតម្លៃជួលការិយាល័យសម្រាប់រយៈពេល ៣ ត្រីមាសដំបូងនៃឆ្នាំ២០២៦នេះកើនឡើងដល់ ២,៨ភាគរយ។

អត្រាការិយាល័យទំនេរនៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) បានធ្លាក់ចុះមកនៅត្រឹម ៥,៩% នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៦។ ក្រុមហ៊ុន JLL បានបញ្ជាក់ថា តួលេខនេះជាកម្រិតទាបបំផុតក្នុងរយៈពេល ១០ ត្រីមាស។

ស្ថានភាពនេះកើតឡើង ខណៈមានសន្ទុះគួរឱ្យកត់សម្គាល់នៃការជួលការិយាល័យពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនដែលធ្វើការលើវិស័យបញ្ញាសិប្បនិម្មិត (AI)។

លោក Michael Glancy នាយកប្រតិបត្តិប្រចាំប្រទេសសិង្ហបុរី និងអាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន JLL បានអះអាងថា៖ «ចំណុចលេចធ្លោនៅក្នុងត្រីមាសទី៣ គឺការដែលក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុន AI សម្រេចចិត្តយ៉ាងមុតមាំក្នុងការស្វែងរក និងជួលទីតាំង ទោះបីជាបញ្ហាប្រឈមផ្នែកម៉ាក្រូសេដ្ឋកិច្ចនៅតែបន្តមាន និងមិនទាន់ត្រូវបានដោះស្រាយក៏ដោយ»៕


ចែករំលែក