លំហូរ FDI ​ចូល​វិស័យ​អចលនទ្រព្យ​វៀតណាម​ហក់​ឡើង​ដល់ ​៥,៣២ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល ​៨ ​ខែ​ដំបូង​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ការវិនិយោគពីបរទេសក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបានហក់ឡើងដល់ ៥,៣២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ដែលជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមវិស័យដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។

ស្របពេលជាមួយគ្នានេះ ការកើនឡើងនៃការវិនិយោគក្នុងវិស័យផលិតកម្ម កំពុងបង្កើតតម្រូវការបន្ថែមសម្រាប់តំបន់ឧស្សាហកម្ម រោងចក្រដែលសាងសង់រួចស្រេច ហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូន និងលំនៅដ្ឋាន។

ការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យអចលនទ្រព្យមិនមែនកើតឡើងដោយឯកឯងនោះទេ។ នៅពីក្រោយលំហូរនៃដើមទុនទាំងនេះ គឺការរីកចម្រើននៃវិស័យផលិតកម្ម ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតឱ្យមានតម្រូវការដោយផ្ទាល់សម្រាប់ដីឧស្សាហកម្ម រោងចក្រ ឃ្លាំង ការិយាល័យ និងលំនៅឋាន។

យោងតាមការិយាល័យស្ថិតិជាតិនៃក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា វៀតណាមបានទាក់ទាញការវិនិយោគបរទេសដែលបានចុះបញ្ជីក្នុងទំហំទឹកប្រាក់ ៤០,៦៣ ពាន់លានដុល្លារអាមេរិកគិតត្រឹមដំណាច់ខែសីហា កើនឡើង ៥៥,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងចំណោមនោះ ទុនចុះបញ្ជីថ្មីមានចំនួន ២១,៧២ ពាន់លានដុល្លារអាមេរិក (កើនឡើង ៩៦,៨%) ខណៈដែលទុនបន្ថែមមានចំនួន ១២,២១ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៤,៧%)។

វិស័យអចលនទ្រព្យបានទាក់ទាញទុនវិនិយោគចំនួន ៥,៣២ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ១៥,៧% នៃទុនសរុប (ទាំងទុនចុះបញ្ជីថ្មី និងទុនបន្ថែម) ដោយឈរនៅលំដាប់ទីពីរ បន្ទាប់ពីវិស័យកែច្នៃ និងផលិតកម្ម។ វិស័យកែច្នៃ និងផលិតកម្មបានទាក់ទាញទុនចំនួន ២០,១៨ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៥៩,៥%៕


ចែករំលែក