ទំហំពាណិជ្ជ​កម្ម​ទ្វេរ​ភាគី​កម្ពុជា ​ជប៉ុន​កើន​ឡើង​ជិត​២០០០​លាន​ដុល្លារ​រយៈ​ពេល​ត្រឹម​៨ខែ​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ ពាណិជ្ជកម្មទ្វេរភាគី​កម្ពុជា​-ជប៉ុន បាន​​កើន​ឡើង​ជា​បន្ត​បន្ទាប់ ដោយ​ក្នុង​រយៈ​ពេល៨ខែ​នៃ​​ឆ្នាំ២០២៦ នេះ​មាន​​តម្លៃ​​ជិត២ ពាន់​លាន​ដុល្លារ កើនជិត១/៥ដង ​បើធៀបនឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំមុន។

យោង​តាម​របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ការនាំចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង២ ចន្លោះ​ពី​ខែមករា-​សីហា ឆ្នាំ​២០២៦ មាន​ទឹក​ប្រាក់​​សរុប១,៩៩ ពាន់​លាន​ដុល្លារ កើន​ ១៨,៧% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នាក្នុង​​ឆ្នាំ​២០២៥ ដែល​មាន១,៦៧ពាន់លាន​ដុល្លារ។ ក្នុងនោះទំនិញ​កម្ពុជានាំទៅជប៉ុន ១,២៧ ពាន់លានដុល្លារ កើន២២,២% ខណៈជប៉ុននាំចូលទំនិញមកវិញ៧១៧,៥៥ លានដុល្លារ កើនឡើង​១៣,១%។

អ្នកសិក្សា​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈ បានលើកឡើង​ថា មាន​កត្តា​ចម្បង​​ចំនួន​២ ​ដែលធ្វើ​ឱ្យ​​ទំហំ​​ពាណិជ្ជកម្ម​ទំនិញ​រវាង​ប្រទេស​ទាំង២កើន​ឡើង គឺ ១. ​កិច្ច​ព្រមព្រៀងភាព​ជា​ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែល​កំពុង​ជួយ​សម្រួលដល់ការបញ្ចុះអត្រា​ពន្ធ និងនីតិវិធីគយ​សម្រាប់​លំហូរ​ទំនិញ​ទៅមក​រវាង​ប្រទេស​ទាំង ២ (​ធ្វើឱ្យទំនិញកម្ពុជាមានឧត្តមភាព​ប្រកួតប្រជែងខ្ពស់នៅលើទីផ្សារជប៉ុន) និង២. ទំនុកចិត្តរបស់​វិនិយោគិនជប៉ុន​ ដែល​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ដើម្បី​បើករោងចក្រផលិត/កែច្នៃ​ទំនិញ​សម្រាប់ផ្គត់​​ផ្គង់​ឱ្យ​រោងចក្រ​នានា ជា​ពិសេស​រោង​ចក្រ​​ជប៉ុន​​។

លោកបញ្ជាក់ថា “​បច្ចុប្បន្ន​ក្រៅ​ពី​ការទទួល​ទិញ​ទំនិញ ​ពី​កម្ពុជា​កាន់​តែ​ច្រើន ក៏​មាន​រោង​ចក្រ​ជប៉ុន​កាន់​តែ​ច្រើន ​បាន​មក​បើក​ដំណើរការ​នៅ​កម្ពុជា​ផងដែរ”។ លោកបន្ថែមថា “ជប៉ុន​អាច​ចាត់ទុក​ថា​ជា​ដៃគូពាណិជ្ជកម្ម​ដ៏​ល្អ​ជាមួយ​កម្ពុជា”៕


ចែករំលែក