ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីមកពីក្រសួងពាក់ព័ន្ធ នៃគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួង បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើករណីដីរដ្ឋចំនួន៤កន្លែង ដែលជាកម្មសិទ្ធិរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើករណីដីរដ្ឋចំនួន៤ កន្លែង ដែលជាកម្មសិទ្ធិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថិតនៅក្នុងខេត្តក្រចេះ ខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ., តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, រដ្ឋបាលខេត្តក្រចេះ និង ខេត្តកំពង់ស្ពឺ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និង តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ព្រមទាំងក្រុមការងារ នៃលេខាធិការដ្ឋាន គ.ប.ទ. និង មន្រ្តីជំនាញពាក់ព័ន្ធ។
អង្គប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើករណីការស្នើចុះបញ្ជីដីរដ្ឋ និងការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ និងករណីដីរដ្ឋចំនួន២កន្លែង ដែលទើបទទួលបានបណ្ណកម្មសិទ្ធិដីធ្លី៕






