ក្រុមហ៊ុន​ចិនធំ​មួយ​គ្រោង​វិនិយោគ​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទីរ​នៅ​​កម្ពុជា​ និង​ពង្រីក​មូលដ្ឋាន​ផលិត​

ចែករំលែក

ដោយៈ ម៉ាណា

   ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភា​ក្សាការងារជាមួយលោក Zhou Jieshengនាយកប្រតិបត្តិក្រុមហ៊ុន Guangdong Nan Xing Rainbow Nut Co., Ltd.។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហគ្រាសផលិតគ្រាប់ស្វាយចន្ទី កម្ពុណាត់ អាហ្គ្រោ ប្រដាក់ ឯ.ក. (Kampu Nuts Agro Product Co., Ltd.) ស្ថិតនៅខេត្តកំពង់ធំ ដែលបានសម្របសម្រួលឱ្យមានកិច្ចប្រជុំនេះឡើង ហើយលោកជា វុទ្ធី ​ការក៏បានថ្លែងអំណរគុណ ចំពោះគណៈប្រតិភូក្រុមហ៊ុនGuangdong Nan Xing Rainbow Nut Co., Ltd. ដែលបានចំណាយពេលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេស ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មស្វាយចន្ទី។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេស ឧស្សាហកម្មកែច្នៃស្វាយចន្ទី ស្ថិតនៅខេត្តកំពង់ធំ ដោយផ្តល់នូវការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តពិសេស លើសពីច្បាប់វិនិយោគ។

បន្ថែមលើនេះ ក្រៅពីវិស័យស្វាយចន្ទី លោកអគ្គលេខាធិការក៏បានស្នើឱ្យក្រុមហ៊ុនគិតគូរវិនិយោគ កែច្នៃកសិផលផ្សេងទៀតដែលមានសក្តានុពលខ្ពស់ ដូចជា ដំទ្បូងមី ស្រូវអង្ករ និងកៅស៊ូ ជាដើមដែលក្រុមហ៊ុនអាចធ្វើការកែច្នៃ ដើម្បីទាញយកផលចំណេញជាអតិបរិមា។

លោក Zhou Jiesheng បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការពីសាវតាក្រុមហ៊ុន Guangdong Nan Xing Rainbow Nut Co., Ltd. ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ដូចជាស្វាយចន្ទី គ្រាប់អាល់ម៉ុន គ្រាប់រីករាយ (Pistachio nut) ។ល។ នៅក្នុងទីផ្សារប្រទេសចិនប្រមាណ៤០ឆ្នាំ ដោយមានផលរបរប្រចាំឆ្នាំប្រមាណ៤ប៊ីលានដុល្លារអាម៉េរិក/ឆ្នាំ។

ក្រុមហ៊ុនមានបំណងពង្រីក ការវិនិយោគមកកម្ពុជាដោយបណ្តាក់ទុនវិនិយោគក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ទន្ទឹមនេះ ក្រុមហ៊ុនក៏មានបំណងទាក់ទាញក្រុមហ៊ុនផលិតម៉ាស៊ីនកែច្នៃស្វាយចន្ទីរបស់ចិន មកសិក្សាធ្វើការដំឡើងនៅកម្ពុជាដើម្បីផ្គត់ផ្គង់ដល់រោងចក្រកែច្នៃនៅក្នុងស្រុកផងដែរ។

លោកបានបន្ថែមថា ក្រៅពីការសំទ្បឹងឃើញពីសក្តានុពលនៃវិស័យស្វាយចន្ទី លោកក៏មានបំណងនាំចូលគ្រាប់ផ្លែរីករាយ ពីសហរដ្ឋអាម៉េរិកមកកែច្នៃនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអាម៉េរិកផងដែរ។ លោកសង្ឃឹមថាតាមរយៈជំនួបលើកនេះ ក្រុមហ៊ុននឹងមានព័ត៌មានគ្រប់ជ្រុងជ្រោយ ក្នុងការសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគ នៅកម្ពុជានាពេលឆាប់ៗខាងមុខ៕

នៅចុងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ពីការត្រៀមខ្លួនរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនក្នុងដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។


ចែករំលែក