ដោយ: សហសេវិក
អន្តរជាតិ: តម្លៃខុនដូសាងសង់ថ្មីជាមធ្យមនៅក្នុងតំបន់ទីក្រុងតូក្យូនៃប្រទេសជប៉ុន បានកើនឡើងលើសពី ១០០ លានយ៉េន (ប្រហែល ៦៣០,០០០ ដុល្លារអាមេរិក) ជាលើកដំបូង នៅក្នុងអំឡុងរយៈពេលពីខែមេសា ដល់ខែកញ្ញា ដោយបង្កើតកំណត់ត្រារយៈពេល៤ឆ្នាំជាប់ៗគ្នា។
យោងតាមវិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ (Real Estate Economic Institute) តម្លៃខុនដូថ្មីៗជាមធ្យមនៅទីក្រុងតូក្យូ និងខេត្តជិតខាង រួមមាន ខេត្តឈីបា (Chiba) ខេត្តកាណាហ្គាវ៉ា (Kanagawa) និងខេត្តសៃតាម៉ា (Saitama) បានកើនឡើង ២១,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចំនួន ១១៤,៩៤ លានយ៉េន។
នៅតំបន់កណ្តាលទីក្រុងតូក្យូ តម្លៃខុនដូជាមធ្យមបានកើនឡើង ៣៤,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចំនួន១៧៩,២៥ លានយ៉េន ក្នុងអំឡុងរយៈពេល ៦ ខែនេះ។
តម្លៃខុនដូនៅក្នុងខេត្ត Chiba បានកើនឡើង ២៤,១ ភាគរយ ដល់ចំនួន ៧៣,៧៦ លានយ៉េន។ ផ្ទុយទៅវិញ តម្លៃខុនដូជាមធ្យមនៅខេត្ត Saitama បានធ្លាក់ចុះ ២,១ ភាគរយ មកនៅត្រឹម ៦៤,៥៧ លានយ៉េន ហើយតម្លៃខុនដូនៅក្នុងខេត្ត Kanagawa បានធ្លាក់ចុះ ១,៦ ភាគរយ មកនៅត្រឹម ៧៧,១៦ លានយ៉េន។
ទន្ទឹមនឹងនេះ ចំនួនខុនដូថ្មីដែលដាក់លក់នៅទូទាំងតំបន់ទីប្រជុំជនតូក្យូក្នុងឆមាសទីមួយនៃឆ្នាំសារពើពន្ធ ២០២៦ បានធ្លាក់ចុះ ៦ ភាគរយធៀបនឹងមុនមកត្រឹម ៨.៦០១យូនីត៕







