កម្ពុជា​ពិភាក្សា​ការងារ​ជាមួយ​នាយកដ្ឋាន​វិនិយោគ​ក្រៅ​ប្រទេស ​និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៃ​ក្រសួងពាណិជ្ជកម្ម​ចិន​

ចែករំលែក

ដោយៈ ម៉ាណា

ប្រទេសចិនៈ លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានជួបពិភាក្សាការងារជាមួយ លោក Cao Wen អគ្គនាយករងនៃនាយកដ្ឋានវិនិយោគក្រៅប្រទេស និងសហប្រតិបត្តិការសេដ្ឋកិច្ចនៃក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។

ជំនួបនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេរទិស ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋនៃសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។

ក្នុងឱកាសនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលផ្លែផ្កាជាច្រើន ដែលកើតចេញពីការអនុវត្ត ប្រកបដោយជោគជ័យនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅឈានទៅសម្រេចបាននូវកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

ជាមួយគ្នានេះ ភាគីទាំងពីរបានសម្តែងនូវសេចក្តីពេញចិត្ត ទាក់ទិ​ននឹងកំណើនគួរឱ្យកត់សម្គាល់ នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងតួនាទីដ៏សំខាន់របស់វិនិយោគិនចិន ដែលបន្តឈរជើងជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅកម្ពុជា។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើម្បីបើកច្រកទីផ្សារឱ្យកាន់តែទូលំទូលាយ និងបង្កើតកាលានុវត្តភាពធុរកិច្ចថ្មីៗ សម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។

បន្ថែមលើនេះ ភាគីទាំងពីរក៏បានកត់សម្គាល់ ដោយក្តីរីករាយចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការថែទាំវិនិយោគិន ព្រមទាំងបានឯកភាពបន្តពង្រឹងយន្តការ ពិគ្រោះយោបល់ទៀងទាត់ តាមរយៈថ្នាលសំខាន់ៗ មានជាអាទិ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-ចិន។ កិច្ចប្រជុំក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន, និងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ៕

 


ចែករំលែក