វិភាគៈ ផលចំណេញចំនួន៦នឹងកើតមានប្រសិនជា​រដ្ឋាភិបាល​កាត់​ក្រុងអរិយក្សត្រ​មក​ក្នុង​ដែន​រដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក

ដោយៈ យិន លាងគង់ អគ្គនាយកPropertyarea

     ភ្នំពេញៈ ស្ថិតនៅទល់មុខរាជធានីភ្នំពេញ នាពេលបច្ចុប្ប​ន្ន ក្រុងអរិយក្សត្រដ៏មានសក្តានុពល មិនត្រឹមតែត្រូវបានខ័ណ្ឌចែកដោយទឹកទន្លេនោះទេ ប៉ុន្តែវាបានខ័ណ្ឌចែកសក្តានុពល សម្រាប់ឱកាសអភិវឌ្ឍន៍ផងដែរ។

ជាទីក្រុងដែលបច្ចុប្បន្ននេះ មានសង្កាត់ចំនួន១១ និងមានមនុស្សរស់នៅប្រមាណ១០ម៉ឺននាក់នាឆ្នាំ២០២៦នេះ នឹងទាក់ទាញមនុស្សរស់នៅកើន ដល់ប្រមាណ១២ម៉ឺននាក់នៅឆ្នាំ២០៣០ និងកើនដល់ប្រមាណ១៣ម៉ឺននាក់ នៅក្នុងឆ្នាំ២០៣៥។

សក្តានុពលដងទន្លេមេគង្គ ផ្សារភ្ជាប់ជាមួយទន្លេចតុមុខ ទីក្រុងនេះ មានលក្ខខ័ណ្ឌអាកាសធាតុល្អប្រសើរ ទេសភាពដ៏ទាក់ទាញ ជាមួយទិដ្ឋភាពគយគន់មករាជធានីភ្នំពេញដ៏ឆើតឆាយមួយ។

ប៉ុន្តែការសម្រេចដាក់ក្រុងអរិយក្សត្រ ក្នុងទឹកដីខេត្តកណ្តាល បានបន្ថយសក្តានុពលរបស់តំបន់នេះ ដោយសាររសនិយមរបស់ប្រជាពលរដ្ឋ “ចូលចិត្តរស់នៅក្នុងរាជធានី ជាជាងចេញពីរាជធានីទៅរស់នៅតាមបណ្តាខេត្តនានា”។

លើសពីនេះ អ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិក៏កាត់បន្ថយការចាប់អារម្មណ៍មួយផ្នែកផងដែរ ប្រសិនជាទឹកដីដែលពួកគេវិនិយោគមិនស្ថិតនៅក្នុងរាជធានីភ្នំពេញ។ អ្វីជាភស្តុតាង គឺដូចជា “ក្រុងតាខ្មៅស្រាប់”ដែលល្បឿននៃការអភិវឌ្ឍន៍យឺតយ៉ាវ ​និងមានកម្រិតជាងរាជធានីភ្នំពេញ។

អ្នកជំនាញបានលើកឡើងថា ប្រសិនជាក្រុងអរិយក្សត្រ ត្រូវប្តូរមកជាខ័ណ្ឌអរិយក្សត្រ នៃដែលរដ្ឋបាលរាជធានីភ្នំពេញ តំបន់នេះនឹងពង្រីកសក្តានុពល និងឱកាសសំខាន់ៗចំនួន៦ រួមមាន ទី១ ពង្រីកសក្តានុពលរាជធានីភ្នំពេញ ទី២ ជម្រុញល្បឿននៃការអភិវឌ្ឍ និងទាក់ទាញការវិនិយោគ។

ទី៣ ការប្រមូលពន្ធកើនឡើង ដោយសារសកម្មភាពជាអាជីវកម្មកើនឡើង ទី៤ ទាក់ទាញមនុស្សទៅរស់នៅច្រើន ព្រោះប្រជាជនមាននិន្នាការរស់នៅទីក្រុង ជាជាងបណ្តាខេត្ត។ ទី៥ ជម្រុញកំនើននគរូបនីយកម្ម និងវិសាលភាពរាជធានីឡើងទៅកាន់កម្រិតថ្មីមួយទៀត និងទី៦ ជម្រុញការអភិវឌ្ឍនៅបណ្តាស្រុកជុំវិញ ជាការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ក្រុងអរិយក្សត្របច្ចុប្បន្ន រួមមានសង្កាត់ចំនួន១១ ដែលបង្កើតឡើងពីឃុំចំនួន៦ នៃស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៃស្រុកល្វាឯម។

ក្រុងអារីយក្សត្រ គួរផ្តោតលើកំណើនប្រជាជនរស់នៅ ការតភ្ជាប់តាមរយៈស្ពាន និងសាឡាង បណ្តាញផ្លូវថ្នល់ សាលារៀន និងហាងលក់ទំនិញសម្រាប់តម្រូវការប្រចាំថ្ងៃ៕


ចែករំលែក