ដោយៈ ចំណាន
ភ្នំពេញៈ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច។
លោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា ក្រសួងបានដាក់ចេញនូវគោលការណ៍ ចំនួន៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។
សូមស្វាគមន៍ចំពោះកិច្ចសហការពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន និងអង្គការ ដៃគូអភិវឌ្ឍនានា ក្នុងការចូលរួមជាមួយគ្នាដើម្បីជួយប្រជាជនកម្ពុជា ឱ្យមានជីវភាពប្រសើរឡើងមួយកម្រិតទៀត ពិសេសបងប្អូនដែលរស់នៅ ក្នុងសំណង់មិនរៀបរយ ជាក់ស្តែងបងប្អូននៅក្នុងសំណង់មិនរៀបរយនៅខេត្តកែប។
លោកបានបញ្ជាក់ថា “ពីនេះទៅមុខ សូមផ្តោតការគិតគូរលើការកសាងខឿនសេដ្ឋកិច្ចនៅនឹងមូលដ្ឋាន ហើយអន្តរាគមន៍ជួយប្រជាជនយើងឱ្យចំកន្លែង និងចំគោលដៅ ដែលក្រៅពីដី និងផ្ទះ យើងត្រូវគាំទ្រហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត ដែលអាចធ្វើឱ្យប្រជាជនមានចំណូល បន្ថយបំណុល មានជីវភាពប្រសើរឡើង ព្រមទាំងចូលរួមកសាងជីវិតមនុស្ស តាមរយៈការគិតគូរឱ្យមានអាហារ ហូបចុកគ្រប់គ្រាន់ធ្វើឱ្យសុខភាពរឹងមាំ ជាការកសាងធនធានមនុស្សសម្រាប់ជាតិ”។

លោកសាយ សំអាល់បានបន្តថា សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនាពេលនេះ មានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងរក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ គណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ អាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងស្ថានទូតចិនប្រចាំកម្ពុជា ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល តំណាង World Bank JICA KOICA UNDP ប្រធានអង្គការUN-Habitat និងនាយកប្រចាំប្រទេសនៃអង្គការ HFHC។
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី គម្រោងកែលម្អការតាំងទីលំនៅសហគមន៍ ប្រកបដោយសមាហរណកម្ម និងភាពធន់តាមបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា៕







