ដៃ​គូ​​​អភីវឌ្ឍន៍​ចិន​ចំនួន​២​ពិភាក្សា​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយ​រដ្ឋ​មន្រ្តី​ដឹក​ជញ្ជូន​កម្ពុជា​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation – CRDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិចិនសម្រាប់អភិវឌ្ឍន៍ (CIDCA)។

ភាគីក្រុមហ៊ុនចិនដឹកនាំដោយ លោក Xue Dong អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។

ជំនួបនេះមានគោលបំណងពិនិត្យពិភាក្សា លើការសិក្សាលទ្ធភាពគម្រោងអាទិភាពជាច្រើន រួមមាន គម្រោងស្ពាន ផ្លូវថ្នល់ ប្រព័ន្ធទឹកកខ្វក់ និងផ្លូវដែក។ ក្រៅពីនេះ ការអភិវឌ្ឍធនធានមនុស្សសម្រាប់មន្រ្តីជំនាញរបស់ក្រសួង តាមរយៈការបណ្តុះបណ្តាលផ្នែកបច្ចេកទេសនៅសាលា ឬនៅប្រទេសចិនផ្ទាល់ ក៏ជាគម្រោងអាទិភាពមួយផងដែរ។

ភាគីកម្ពុជាបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតលក្ខខណ្ឌពីមិត្តចិន ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការរីកចម្រើនសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របតាម “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ក្រសួងប្តេជ្ញាលើកកម្ពស់សេវា និងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយគុណភាព សុវត្ថិភាព ចីរភាព និងបរិយាបន្ន៕


ចែករំលែក